អង្គការ​សហជីព ១២ស្ថាប័ន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​ការងារ

0:00 / 0:00

មន្ត្រី​អង្គការ និង​សហជីព​ប្រមាណ ៥០នាក់​មក​ពី​ស្ថាប័ន​ចំនួន១២ ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​ដើម្បី​ស្នើ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ឱ្យ​ពិនិត្យ​ឡើង​វិញ​ចំណុច​មួយ​ចំនួន​ដែល​រឹតត្បិត​ទៅ​ដល់​សេរីភាព​សហជីព ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​គំរាមកំហែង​លើ​ថ្នាក់​ដឹក​នាំ​សហជីព។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​លើ​សំណើ​របស់​ក្រុម​សហជីព​ទាំងនេះ​ពីព្រោះ​ការ​អនុវត្ត​សិទ្ធិ​សហជីព​នៅ​ក្នុង​កន្លែង​ការងារ​មិនមែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ។

តំណាង​អង្គការ សមាគម និង​សហជីព ដែល​ធ្វើ​ការ​ទៅ​លើ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​ប្រមាណ ៥០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែធ្នូ បាន​ដាក់​លិខិត​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ជុំវិញ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​វិស័យ​ការងារ​ដើម្បី​ឱ្យ​ក្រសួង​ការងារ និង​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ជូន​កម្មករ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី៨ ខែធ្នូ ថា អង្គការ​សហជីព​បាន​ដាក់​សំណើ​ស្នើ​សុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​ពិភាក្សា​លើ​សំណើ​៥ចំណុច​ដែល​ជា​ក្ដី​ព្រួយបារម្ភ​របស់​មន្ត្រី​សហជីព។ លោក​បន្ត​ថា តំណាង​ក្រសួង​ការងារ​ចេញ​មក​ទទួល​លិខិត​របស់​ក្រុម​អង្គការ​សហជីព​រួច​ហើយ។

លោក ទូច កុសល៖«កន្លងមក​មាន​សហព័ន្ធ​សហជីព​ខ្លះ​បាន​យក​ឯកសារ​មក​ចុះ​បញ្ជិកា​នៅ​នាយកដ្ឋាន​វិវាទ​ហើយ​ឯកសារ​នោះ​រុញ​ទៅ​រុញ​មាន​មាន​រយៈពេល៦ខែ​ហើយ​សហព័ន្ធ​សហជីព​ខ្លះ​មាន​រយៈពេល​ដល់១ឆ្នាំ​ជាង​ទម្រាំ​តែ​ចេញ​បញ្ជិកា ឬ​អាណត្តិ​ទទួល​ស្គាល់​ពួកគាត់​បញ្ហា​ដោយសារ​ឯកសារ​ចុះ​បញ្ជិកា​រុញ​ទៅ​រុញ​មក​កែ​ច្រើន​ដង​យូរ​ទៅ​ទម្រាំ​ចេញ​បញ្ជិកា​ថ្នាក់​ដឹក​នាំ​សហជីព​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​បាត់​អា​នេះ​ជា​បញ្ហា​ដែល​យើង​ឃើញ​កន្លងមក»។

សំណើ​ដាក់​ទៅ​ក្រសួង​ការងារ​នោះ​គឺ មាន​៥ចំណុច រួមមាន​ចំណុច​ទី១ ស្នើ​ឱ្យ​ក្រសួង​ពិចារណា​លើ​ការ​ចុះ​បញ្ជិកា​របស់​សហជីព​មាន​ភាព​ស្មុគស្មាញ និង​យឺតយ៉ាវ ទី២​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ក្រុម​ប្រឹក្សា​អាជ្ញាធរ​កណ្ដាល​ដែល​ជា​វិវាទ​រួម ប៉ុន្តែ​អាជ្ញាធរ​ញែក​ឱ្យ​ទៅ​ជា​វិវាទ​បុគ្គល​នាំ​ឱ្យ​ពិបាក​ស្វែង​រក​យុត្តិធម៌។ ទី៣ ការ​រឹតត្បិត​សិទ្ធិ​ជួបជុំ​របស់​សហជីព និង​អង្គការ​សមាគម ទី៤ ស្នើ​ឱ្យ​មាន​តំណាង​សហជីព​គ្រប់​វិស័យ​ចូល​ទៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​ចរចា​ជាមួយ​ភាគី​ថៅកែ និង​ទី៥​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​មេ​ដឹក​នាំ​សហជីព។

Union_leaders_go_to_Ministry_of_Labor_120823_Aun_Rasy.jpg
មេសហជីពប្រមាណ ៥០នាក់ មក​ពី ១២ស្ថាប័ន នាំគ្នា​ធ្វើ​ដំណើរ​ទៅ​ក្រសួងការងារ នៅ​ថ្ងៃ​ទី៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីស្នើសុំ​រដ្ឋមន្ត្រីឱ្យ​ពិនិត្យ​ឡើងវិញ នូវ​ការ​រឹតត្បិត​សេរីភាពសហជីព ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​គំរាមកំហែង​ថ្នាក់​ដឹក​នាំ​សហជីព។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ លោក រី សិទ្ធីណែត ថ្លែង​ថា បញ្ហា​ប្រឈម​របស់​ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ​នៅ​តែ​បន្ត​កើត​មាន​នៅ​តាម​រោងចក្រ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​រក​ការងារ​ធ្វើ​ជា​ពិសេស​ការ​រើសអើង​សហជីព​នៅ​កន្លែង​ធ្វើ​ការ។ លោក​បន្ត​ថា​រដ្ឋាភិបាល​គួរតែ​ពន្លឿន​នីតិវិធី​ចុះ​បញ្ជិកា​ឱ្យ​សហជីព​ដើម្បី​កុំ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បណ្ដេញ​មេ​ដឹក​នាំ​សហជីព និង​សមាជិក​សហជីព​ដោយ​សេរី។

លោក រី សិទ្ធីណែត៖«បញ្ហា​ប្រឈម​របស់​កម្មករ​និយោជក គឺទី១ កម្មករ​អត់​មាន​ការងារ​ធ្វើ ទី២ រោងចក្រ​បន្ត​ការ​មិន​គោរព​សិទ្ធិ​កម្មករ។ ទី៣ ក្រសួង​ការងារ​គួរតែ​ងាក​មក​ជំរុញ​ឱ្យ​មាន​ការ​គោរព​ច្បាប់ ជាពិសេស​ករណី​រើសអើង​សហជីព​កន្លងមក​ក្រសួង​ការងារ​មិន​ដែល​បាន​អើពើ​ទេ​គាត់​តែងតែ​យក​លេស​តាម​បង្ក្រាប​របស់​ថៅកែ គឺ​ការ​បញ្ចប់​កិច្ចសន្យា​ដោយ​ហេតុផល​ដល់​កិច្ចសន្យា​ការងារ​គាត់​មិន​បាន​មើល​គ្រប់​ជ្រុងជ្រោយ​ពី​ការ​បញ្ចប់​កិច្ចសន្យា​ការងារ​ទេ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ជុំវិញ​សំណើ​របស់​ក្រុម​អង្គការ​សហជីព​នេះ​បាន​ទេ​នៅថ្ងៃទី០៨ ខែធ្នូ។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​តួនាទី​ទទួល​យក​គ្រប់​សំណើ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ចំពោះ​សំណើ​ទាំង​នេះ។ លោក​បន្ត​ថា ការ​បណ្ដែតបណ្ដោយ​ឱ្យ​ថៅកែ​រំលោភ​សិទ្ធិ​កម្មករ និង​មានការ​រើសអើង​សហជីព​នៅ​កន្លែង​ធ្វើ​ការ​គឺជា​ការ​បំពាន​ច្បាប់​ជាតិ និង​អន្តរ​ជាតិ។

លោក នី សុខា៖«ក៏​ដូចជា​រឿង​ថ្មីៗ​ក៏​ដូចជា​រឿង កញ្ញា ឈឹម ស៊ីថរ រឿង​សហជីព​ណាហ្គាវើលដ៍​អ៊ីចឹង​អី​ជា​ដើម។ អ៊ីចឹង​គឺ​ថា អាជ្ញាធរ​គួរតែ​ឈរ​នៅ​កណ្ដាល​បញ្ហា​ទាំង​អស់​ហ្នឹង​គឺ​ថា ហើយ​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ទៅ​ចាប់​ខ្លួន​យក​ទៅ ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ក្នុង​ការ​ចាប់​ខ្លួន ក្នុង​ការ​ឃាត់​ខ្លួន​ទៅ​លើ​តំណាង​សហ ជីព​អី​អា​ហ្នឹង គឺជា​រឿង​មួយ ដែល​មិន​សមស្រប​ទេ ហើយ​មិនមែន​ជា​ដំណោះស្រាយ​ដល់​ល្អ​ទេ»។

កន្លង​ទៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​តែង​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ជុំវិញ​ការ​រំលោភ​សិទ្ធិ​កម្មករ និង​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​សហជីព​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ដោយសារតែ​ពួក​គាត់​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ការងារ។ ក្រៅ​ពី​នេះ​នៅ​មាន​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​មួយ​ចំនួន​ប្រឈម​នឹង​ការ​បាត់បង់​ការងារ ការ​ព្យួរ​កិច្ច​សន្យា​ការងារ និង​បណ្ដេញ​ចេញ​ពី​រោងចក្រ​ពី​សំណាក់​ថៅកែ​អ្នក​មាន​លុយ​មាន​អំណាច ដោយសារ​តែ​ការ​តវ៉ា ឬ​ទាមទារ​ឱ្យ​ថៅកែ​គោរព​សិទ្ធិ​ការងារ ឬ​បង្កើត​សហជីព។ បញ្ហា​នេះ​បង្ក​ឱ្យ​កម្មករ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្រីក្រ និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក​ដោយសារ​ការ​រើសអើង​សហជីព​នៅ​កន្លែង​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។