ក្រសួង​ការ​បរទេសបដិសេធ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ធ្លាក់​ចុះ

0:00 / 0:00

ក្រសួងការបរទេស ច្រានចោល​សេចក្ដីថ្លែង​ការណ៍​រួម របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​រក​ឃើញ​ថា ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣។ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​យក​ចំណុច​អវិជ្ជមាន ដែល​សង្គម​ស៊ីវិល​រក​ឃើញ ទៅ​កែ​លម្អ​ឡើងវិញ ជា​ជាង​បដិសេធ​ដោយ​មិន​បាន​ពិនិត្យ​ជាក់ស្ដែង។

ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី១៤ កញ្ញា បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​បដិសេធ ទៅ​លើ​ចំណុច​សំខាន់ៗ ដែល​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រក​ឃើញ​មាន​ដូចជា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ឆ្នាំ២០២៣ មាន​លក្ខណៈ​រឹតត្បិត​លំហ មិន​យុត្តិធម៌ និង​មិន​ស្មើភាព​ជាដើម។ ក្រសួង​ការ​បរទេស​ចោទ​ប្រកាន់​ការ​រក​ឃើញ​នេះ​ថា ​ជា​ការ​អះអាង​ដែល​គ្មាន​លក្ខណៈ​ថ្លឹងថ្លែង និង​លម្អៀង​ទៅ​រក​អ្នក​ប្រឆាំង​មួយ​ចំនួន។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី លើក​ឡើង​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ មាន​ការ​ស្រាវជ្រាវ ដោយ​ផ្អែក​លើ​ភស្តុតាង​ច្បាស់លាស់ ដូច្នេះ​រដ្ឋាភិបាល​គួរ​ពិនិត្យ​ទៅ​លើ​ចំណុច​អវិជ្ជមាន ដែល​សង្គម​ស៊ីវិល​រក​ឃើញ និង​សិក្សា​ទៅ​លើ​អនុសាសន៍ ឬ​ដំណោះស្រាយ ដែល​សង្គម​ស៊ីវិល​លើក​ឡើង។

លោក ប៉ិច ពិសី៖ «បើសិនជា​យើង​មាន​ឆន្ទៈ​ចង់​ដោះ​ស្រាយ​បញ្ហា​ការ​រំលោភ​សិទ្ធិមនុស្ស​ពិតប្រាកដ​មែន យើង​គួរតែ​ពិនិត្យ​មើល​របាយការណ៍​ទាំងនោះ ហើយ​ស្វែងយល់​មើល កន្លែង​ណា​ដែល​មាន​សច្ចៈ​ភាព​ខ្ពស់ ហើយ​កន្លែង​ណា​ដែល​យើង​អាច​ឆ្លើយតប​បាន យើង​ឆ្លើយតប​ទៅ ហើយ​កន្លែង​ណា​ដែល​យើង​គិត​ថា មិន​ត្រឹមត្រូវ យើង​បដិសេធ ហើយ​យើង​ឆ្លើយតប​ទៅ​វិញ​ទៅ​អ្នក​សរសេរ​របាយការណ៍ ដែល​យើង​រក​ឃើញ​ផ្ទុយ​ពី​ការ​រក​ឃើញ​របស់​គេ»។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង៨ ដែល​ចូលរួម​ក្នុង​សេចក្ដីថ្លែង​ការណ៍​នោះ មាន​ដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​វេទិកា​អាស៊ី (Forum Asia) អង្គការលើ​ក​លែងទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​ពិភពលោក​ប្រឆាំង​អំពើ​ទារុណកម្ម (World Organization Against Torture) ជា​ដើម។ សេចក្ដីថ្លែង​ការ​រួម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១២ កញ្ញា បង្ហាញ​ថា ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់តែ​ធ្លាក់​ចុះ ដោយសារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​ប្រព័ន្ធ លើ​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន ដីធ្លី សហជីព សមាជិក​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ តាម​រយៈ​ការ​បង្កើត​បទ​ចោទ​ប្រកាន់​ក្លែងក្លាយ។ សេចក្ដីថ្លែង​ការណ៍​ដដែល​បន្ត​ថា ការ​បោះ​ឆ្នោត កាលពី​ខែ​កក្កដា​កន្លង​ទៅ មិន​ស្រប​ទៅ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ ដោយសារ​គ្មាន​គណបក្ស​ប្រឆាំង ដែល​រឹង​មាំ​ចូលរួម​ប្រកួត ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​បិទ​គេហទំព័រ និង​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ដែល​រដ្ឋាភិបាល​ចោទ​ថា ជា​ស្ថាប័ន​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ​លោក អំ សំអាត លើកឡើង​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ កែ​លម្អ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បញ្ចៀស​ការរិះគន់ និង​ទណ្ឌកម្ម​ពី​ប្រទេស​លោកសេរី​បន្ថែម​ទៀត។

លោក អំ សំអាត៖ «អ៊ីចឹង​បើ​យើង​កែប្រែ​ចំណុច​ខ្វះខាត មានផល​ចំណេញ​ដល់​កម្ពុជា​ទៅវិញ​ទេ។ ហើយ​ប្រសិនបើ​ជា​រាល់​របាយការណ៍​ទាំងអស់​ត្រូវ​បាន​បដិសេធ​ចោល ហើយ​មិនបាន​មើល​ចំណុច​ខ្វះខាត ឬ​ខ្វះ​ចន្លោះ​ដើម្បី​រក​ចំណុច​កែ​លម្អ កម្ពុជា​យើង​នៅតែ​ទទួលរង​ការរិះគន់​បន្ត​ទៀត ហើយ​អាច​នឹង​ប៉ះពាល់​ផលប្រយោជន៍​កម្ពុជា​យើង​បន្ត​ទៅទៀត​ដែរ»។

ជានិច្ចកាល រដ្ឋាភិបាល តែង​បដិសេធ​ចំពោះ​របាយការណ៍ ឬ​ទិន្នន័យ ដែល​បង្ហាញ​ពី​អំពើពុករលួយ ការរំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាល​តែងតែ​ប្រកែក​ថា នេះ​គឺជា​ការ​ប្រឌិត និង​មាន​ភាព​លម្អៀង បើ​ទោះបីជា​របាយការណ៍​ទាំងនោះ មាន​ប្រភព ទិន្នន័យ និង​ភស្តុតាង​ជាក់លាក់​យ៉ាងណាក្ដី។

ក្រុម​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល គួរបើ​ក​ចិត្ត​ឱ្យ​ទូលាយ​ពិនិត្យមើល​ចំណុច​អវិជ្ជមាន និង​ប្រើប្រាស់​របាយការណ៍​របស់​សង្គម​ស៊ីវិល ធ្វើជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង និង​កែ​លម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។