អង្គការ​សិទ្ធិមនុស្ស​ថា កម្ពុជា​នៅ​តែ​មាន​ពលកម្ម​កុមារ​កម្រិត​ខ្ពស់

0:00 / 0:00

អង្គការ​​សង្គម​ស៊ីវិល​​ផ្នែក​​សិទ្ធិមនុស្ស​​ពិនិត្យ​​ឃើញ​​ថា កម្ពុជា​នៅតែ​មាន​ពលកម្ម​កុមារ​កម្រិត​ខ្ពស់​នៅ​ឡើយ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​​ដោះស្រាយ​​បញ្ហា​នេះ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា ពលកម្ម​កុមារ​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​មក​ហើយ និង​ថា​រដ្ឋាភិបាល​កំពុង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ថែម​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​រឿង​ពលកម្ម​កុមារ ដោយសារ​បញ្ហា​នេះ ​នៅតែ​កើត​មាន​ច្រើន និង​កំពុង​គំរាមកំហែង​ដល់​អនាគត​កុមារ​កម្ពុជា​ជាច្រើន​រូប។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់​ថា រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ពលកម្ម​កុមារ ក៏ប៉ុន្តែ​ចំណាត់ការ​នេះ​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ពលកម្ម​កុមារ ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។ លោក​បន្ត​ថា ការប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តែ​បន្ត​កើតមាន​តាម​សិប្បកម្ម​ឡឥដ្ឋ រោងចក្រ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ព្រមទាំង​ការងារ​តាម​ផ្ទះ។ លោក​យល់​ថា ក្រសួងការងារ​គួរតែ​ចាត់ទុក​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ជា​បញ្ហា​អាទិភាព​មួយ​ដែល​ត្រូវ​ដោះស្រាយ​សម្រាប់​ឆ្នាំ២០២២ និង​សម្រាប់​ពេល​អនាគត​៖ «ពលកម្ម​លើ​កុមារ​នេះ ក៏​វា​ជា​រឿង​មួយ​ដែល​ធ្ងន់ធ្ងរ​ដែរ ហើយ​កន្លងមក យើង​ក៏​ឃើញ​មាន​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ទៀត មាន​ការ​ចាប់​អារម្មណ៍​ដែរ។ ហើយ​ក្នុង​ហ្នឹង​រឿង GSP ( ការអនុ​គ្រោះ​​​ពន្ធ​ទូទៅ ) និង​រឿង​ផ្សេងៗ​ទៀត ក៏​គេ​ភ្ជាប់​ជាមួយ​នឹង​ទម្រង់​នៃ​ពលកម្ម​អាក្រក់​របស់​កុមារ​ហ្នឹង​ផង​ដែរ។ ខ្ញុំ​មើល​ទៅ វា​នៅតែ​ជា​អាទិភាព​របស់​ក្រសួងការងារ​ក្នុង​ការ​ដាក់​ទិសដៅ​ក្នុង​ការ​ទប់ស្កាត់​ទម្រង់​ពលកម្ម​អាក្រក់​លើ​កុមារ​បន្ត​ទៀត »

ការ​លើក​ឡើង​របស់​តំណាង​អង្គការ​សិទ្ធិមនុស្ស​នេះ កើត​មាន​ឡើង​ក្រោយ​ពី​ក្រសួង​ការងារ​បាន​បិទ​បញ្ចប់​ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ២០២២ កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្រសួងការងារ​ឱ្យ​ដឹង​តាម​សេចក្ដី​ជូនដំណឹង​ថា ក្នុង​ឆ្នាំ២០២១ កន្លង​ទៅ ក្រសួង​បាន​ចុះ​ផ្សព្វផ្សាយ​ទប់ស្កាត់​ការ​ប្រើប្រាស់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​ការងារ​ដោយ​បង្ខំ ហើយ​បាន​ដកហូត និង​ទប់ស្កាត់​ពលកម្ម​កុមារ​ចំនួន ៣៥០ នាក់។ ក្រសួង​បាន​ដាក់​ទិសដៅ​ការងារ​ចំនួន ១៤ ចំណុច​ដែល​ត្រូវ​អនុវត្ត​បន្ត​នៅ​ឆ្នាំ២០២២ ក៏ប៉ុន្តែ​មិន​មាន​ចំណុច​ណាមួយ​និយាយ​អំពី​ការទប់ស្កាត់​ពលកម្ម​កុមារ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារលោក ហេង សួរ ដើម្បី​បកស្រាយ​រឿង​នេះ​បានទេ ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​អះអាង​ថា ពលកម្ម​កុមារ​នៅ​កម្ពុជា​មិន​មាន​កម្រិត​ធ្ងន់ធ្ងរ​ដូច​ពី​មុន​នោះ​ទេ។

សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាលោក កត្តា អ៊ន ថ្លែង​ថា យោង​តាម​របាយការណ៍​ចុងក្រោយ​ឆ្នាំ២០២២ របស់​ក្រសួង​ការងារ ករណី​ពលកម្ម​កុមារ​មាន​ការ​កាត់​បន្ថយ​ច្រើន។ ជាពិសេស លោក​អះអាង​ថា ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​លែង​មាន​តទៅទៀត​ហើយ ហើយ​ពលកម្ម​កុមារ​ដែល​នៅ​មាន​ខ្លះៗ​នោះ គឺ​ការងារ​តាម​ផ្ទះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នៅតែ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​ពលកម្ម​កុមារ និង​ស្វាគមន៍​កិច្ច​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ៖ « របាយការណ៍​ទូទាំង​ប្រទេស​ចំពោះ​សិប្បកម្ម​ឡឥដ្ឋ យើង​លែង​មាន​បញ្ហា​ពលកម្ម​កុមារ​ទៀត​ហើយ ប៉ុន្តែ​នៅ​មាន​ភាព​មិន​ប្រក្រតី​មួយចំនួន ដូចជា បញ្ហា​ពលកម្ម​កុមារ​នៅ​តាម​ផ្ទះ ដែល​ជា​បញ្ហា​មួយ ដែល​យើង​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ទាំង​ស្ថាប័ន​រដ្ឋ ទាំង​ស្ថាប័ន​ឯកជន ជាពិសេស​អង្គការ​សង្គម​ស៊ីវិល ពីព្រោះ​បញ្ហា​កុមារ​នេះ ជា​បញ្ហា​សិទ្ធិមនុស្ស ជា​បញ្ហា​សំខាន់​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​លុប​បំបាត់ »

ផ្ទុយ​ពី​ការ​បកស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ របាយការណ៍​នានា​សុទ្ធតែ​បង្ហាញ​ថា ពលកម្ម​កុមារ​នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា ស្របពេល​ព័ត៌មាន​ស្ដីពី​គ្រោះថ្នាក់​ការងារ​កើត​លើ​កុមារ​បាន​លេចចេញ​ជាហូរហែ។

សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC) បាន​ស្រាវជ្រាវ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ប្រមាណ ៣០កន្លែង​នៅ​ខេត្ត​ជុំវិញ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ ២០១៨ ដោយ​រក​ឃើញ​ថា កុមារ​អាយុ​ក្រោម ១៨ឆ្នាំ ជាង ៦រយ​នាក់ (៦០០) ធ្វើ​ការ​ជាមួយ​ឪពុកម្ដាយ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ ហើយ​ករណី​បែបនេះ​នៅ​តែ​បន្ត​កើត​មាន​ដដែល​មក​ដល់​ពេល​បច្ចុប្បន្ន។

ស្របគ្នា​នេះ​ដែរ របាយការណ៍​ស្ដីពី​ពលកម្ម​កុមារ និង​ពលកម្ម​ដោយ​បង្ខំ ចេញ​ផ្សាយ​ដោយ​ ក្រសួងការងារ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២១ បង្ហាញ​ថា កម្ពុជា​មាន​ការ​វិវត្តន៍​តិចតួច​ស្ដួច​ស្ដើង​បំផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពលកម្ម​កុមារ។ ក្រសួងការងារ​សហរដ្ឋ​អាមេរិក​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ខកខាន​មិន​បាន​ចាត់​វិធានការ​ឱ្យ​សកម្ម ដើម្បី​ស៊ើបអង្កេត ចោទប្រកាន់ និង​ផ្ដន្ទាទោស​លើ​មន្ត្រី​សាធារណៈ​ទាំងឡាយ​ណា ដែល​ចូលរួម ឬ​ជួយ​សម្រួល​ដល់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ រួម​ទាំង ការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ និង​ពលកម្ម​ដោយ​បង្ខំ​ដើម្បី​ដោះ​បំណុល​នៅ​សិប្បកម្ម​ឡឥដ្ឋ​នោះ​ឡើយ។ បន្ថែម​ពី​លើ​នេះ ចៅក្រម​មួយចំនួន​ត្រូវ​បាន​គេ​រាយការណ៍​ថា ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​មិន​ចោទ​ប្រកាន់ ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ការ​បន្ធូរបន្ថយ​ទោស​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនេះ។ ជាមួយ​គ្នា​នេះ ធនធាន​មិន​គ្រប់គ្រាន់​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​សមត្ថភាព​ការងារ​របស់​អាជ្ញាធរ​ ជាពិសេស​នៅ​តាម​ទី​ជនបទ ដែល​ជា​កន្លែង​សម្បូរ​ដោយ​ពលករ​ជា​កុមារ។ ក្រៅពី​នេះ កង្វះ​ការ​អប់រំ​ជា​មូលដ្ឋាន និង​ការ​មិន​កំណត់​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​អប់រំ ក៏​បង្កើន​ភាព​ងាយ​រងគ្រោះ​សម្រាប់​កុមារ​ក្នុង​ការ​ធ្លាក់​ចូល​អន្លង់​នៃ​ពលកម្ម​កុមារ​ធ្ងន់ធ្ងរ​ផង​ដែរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ពលកម្ម​កុមារ​នៅតែ​កើត​មាន​ច្រើន​នៅឡើយ មិន​ដូច​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។ លោក​ទទួល​ស្គាល់​កិច្ច​ខិតខំ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​នេះ ប៉ុន្តែ​លោក​ថា ស្ថាប័ន​ទាំងនោះ​ក៏​គួរ​ទទួលយក និង​ហ៊ាន​ធ្វើ​របាយការណ៍​ផ្អែក​លើ​ការ​ពិត​ផង​ដែរ ទើប​ករណី​ពលកម្ម​កុមារ​អាច​ដោះស្រាយ​បាន​ប្រកបដោយ​ប្រសិទ្ធភាព៖ «បញ្ហា​ពលកម្ម​កុមារ​នេះ អត់​ទាន់​បាន​បញ្ចប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​ឡើយ​ទេ អ៊ីចឹង​គប្បី​មាន​ការ​ដាក់​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​បន្ត​ទៀត។ ហើយ​ ( រដ្ឋាភិបាល )​ គួរតែ​មាន​យន្តការ ឬ​វិធីសាស្ត្រ​បែប​ណា ដើម្បី​ទប់ស្កាត់ ហើយ​និង​ជួយ​ឱ្យ​កុមារ​ដែល​ទទួលរង​ការ​ប្រើប្រាស់​អំពើ​ពលកម្ម​កុមារ​ហ្នឹង ឱ្យ​ពួកគេ​ទទួល​បាន​ឱកាស​ទាំង​ការ​សិក្សា ទាំង​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​គេ​ហ្នឹង គឺ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ »។

បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ពលកម្ម​កុមារ​នៅ​កម្ពុជា​ផ្ដើម​ចេញ​ពី​កត្តា​មួយចំនួន មាន​ជាអាទិ៍ ភាព​ក្រីក្រ បំណុល ភាព​អត់​ការងារ​ធ្វើ និង​ការ​បាត់បង់​ដីធ្លី។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​បង្កើត​ការងារ​កាន់តែ​ច្រើន​សម្រាប់​ពលរដ្ឋ ដាក់​ចេញ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវជាដើម។

ជាមួយគ្នា​នេះ ក្រសួងការងារ​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​អនុសាសន៍​ជាច្រើន​ចំណុច​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ពលកម្ម​កុមារ។ អនុសាសន៍​ទាំងនោះ មាន​ជាអាទិ៍ ធានា​ឱ្យ​បាន​នូវ​ក្របខណ្ឌ​ច្បាប់​សម្រាប់​គាំពារ​កុមារ ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​មុខងារ​របស់​មន្ត្រី​ជំនាញ ការពារ​ជនរងគ្រោះ​ពី​ការ​បំភិតបំភ័យ ផ្សព្វផ្សាយ​សកម្មភាព គោលនយោបាយ និង​ក្របខ័ណ្ឌ​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​កុមារ បង្កើត​កម្មវិធី​សង្គម​នានា​ដើម្បី​ធានា​ថា កុមារ​ទទួល​បាន​សេវា​ព្យាបាល ថែទាំ និង​អប់រំ​ត្រឹមត្រូវ ព្រមទាំង​ពង្រីក​សំណាញ់​សុវត្ថិភាព​គាំពារ​សង្គម​នៅ​តំបន់​ជនបទ ជាដើម។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​សង្កត់​ធ្ងន់​ថា ពលកម្ម​កុមារ​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​អនាគត​របស់​ពួកគេ ដូចជា ធ្វើ​ឱ្យ​កុមារ​បាត់បង់​ឱកាស​ក្នុង​ការ​សិក្សា ប៉ះពាល់​ការ​លូតលាស់​ផ្នែក​រាងកាយ និង​ប្រាជ្ញា​ស្មារតី ហើយ​បើ​ធ្ងន់ធ្ងរ​ខ្លាំង​អាច​បណ្ដាល​ឱ្យ​កុមារ​ធ្លាក់​ខ្លួន​ពិការ ឬ​បាត់បង់​ជីវិត​ផង​ក៏​មាន ហេតុនេះ ការទប់ស្កាត់​ពលកម្ម​កុមារ​ប្រៀប​បាន​នឹង​ការ​ជួយ​ដល់​ពួកគេ​ឱ្យ​ទទួល​បាន​ការ​លូតលាស់ ឱកាស និង​អនាគត​ភ្លឺស្វាង​យ៉ាង​ដូច្នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។