សង្គម​ស៊ីវិល​​ធ្វើ​យុទ្ធនាការ​ទាមទារ​​ឲ្យ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍​​បញ្ឈប់​​​ការ​រើស​អើង​​សហជីព និង​​ដោះស្រាយ​​វិវាទ​​ការងារ

0:00 / 0:00

អង្គការ​​សង្គម​ស៊ីវិល ធ្វើ​យុទ្ធនាការ​​បង្ហោះ​សារ​​តាម​​បណ្ដាញ​​សង្គម​​​ហ្វេសប៊ុក​ (Facebook)​​ទាមទារ​​​ឲ្យ​​ក្រុម​ហ៊ុន​​​ណាហ្គាវើដល៍ ​(Naga World)​ ​បញ្ឈប់​​​ការ​​រើស​អើង​​​គ្រប់​ទម្រង់​ទៅ​លើ​​សហជីព និង​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងាររ៉ាំរ៉ៃ​មួយ​នេះ។ យុទ្ធនាការ​នេះ ​មាន​បំណង​ចង់​ឲ្យ​សាធារណជន​ទូ​ទៅ ​កម្មករ និង​សហជីព​គ្រប់​វិស័យ​ទាំង​​អស់ ចូល​រួម​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ដល់​កម្មករ​និយោជិត​ណា​ហ្គាវើលដ៍​ជាង​១​ពាន់​នាក់ ដែល​កំពុង​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន។

«ណាហ្គាវើលដ៍​ត្រូវ​បញ្ឈប់​ការ​រើសអើង​សហជីព» «​ពួក​យើង​ត្រូវ​ការ​សហជីព» «សហជីព​ត្រូវ​ការ​យើង» ទាំង​នេះ​ គឺ​ជា​សារ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈរ​ថត​បង្ហោះ​នៅ​ក្នុង​គណនេយ្យ​របស់​ពួកគេ ខណៈ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​បន​ល្បែង​មួយ​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(LICADHO)​លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ​ថា​ ការ​ធ្វើ​យុទ្ធនាការ​នេះ គឺ​ដើម្បី​​ទាមទារឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​ និង​ឈប់​លាប​ពណ៌​មក​លើ​សហជីព។ លោក​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​គួរ​ចូល​តុចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​តម្លាភាព និង​តាម​ច្បាប់​ស្ដីពី​ការងារ៖ «យើង​សូម​ឲ្យ​បញ្ឈប់​ទម្រង់​នៃ​ការ​លាប​ពណ៌​ និង​ការ​រើសអើង​ទៅ​លើ​សហជីព​ណាហ្គាវើលដ៍​ហ្នឹង។ អ្វី​ដែល​សំខាន់ ​គឺ​ការ​រក​ដំណោះស្រាយ​ ដោយ​ទទួល​យក​បាន​ទាំង​អស់​គ្នា។ ហ្នឹង​ជា​រឿង​មួយ​ដែល​ចាំ​បាច់​បំផុត»។

Am Sam Arth Call to Naga World on 30_12_2021.jpg
លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លើកសារគាំទ្រឱ្យមានសហជីពនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។ (រូប៖ លីកាដូ)

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ការ​មិន​ព្រម​ទទួល​យក​កម្មករ​និយោជិត ​និង​ថ្នាក់ដឹកនាំ​សហជីព​ជាង​៣​រយ​នាក់ពី​ខាង​ក្រុមហ៊ុន មក​ដល់​ពេល​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុមហ៊ុន​មាន​ចេតនា​ចង់​រំលាយ​សហជីព​ចេញ​ពី​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​បាន​ព្យាយាម​រំលាយ​សហជីព​៣​ដង​រួច​មក​ហើយ លើក​ទី​១​នៅ​ឆ្នាំ​២០០៩ លើក​ទី​២​នៅ​ឆ្នាំ​២០១៣ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០២០​។

លោក​ចាត់​ទុក​ការ​ផ្ដាច់​កិច្ច​សន្យា​ចំពោះ​បុគ្គលិក​ជាង​ ៣ ​រយ​នាក់​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ ថាជា​ការ​រើសអើង និង​រំលោភ​សិទ្ធិ​ការងារ​សហជីព​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

លោក​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួល​យក​​បុគ្គលិក​ជាង​៣​រយ​នាក់​ ចូល​ធ្វើការ​វិញ​ ហើយ​បើក​លំហ​សិទ្ធិ​សេរីភាព​ការងារ​ដល់​កម្មករ​ទៅ​តាម​ច្បាប់ ព្រោះ​ក្រុមហ៊ុន​បាន​ដំណើរ​ការអាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​អស់​ជា​ច្រើន​មក​ហើយ៖ «នៅ​ក្នុង​ដំណើរ​នៃ​ការ​ចរចា​ទាំង​ឡាយ​ហ្នឹង ទោះបី​ក្រុមហ៊ុន​លើក​អំពី​ជំហរ​ថា​ ខ្លួន​មិន​មាន​ការ​រើសអើង​សហជីព នៅ​តែ​ងបង់​ភាគទាន​ កាត់​ភាគទាន​ឲ្យ​សហជីព​ក៏​ដោយ ប៉ុន្តែ​ចេតនា​នៃ​ការ​ផ្ដាច់​កិច្ច​សន្យា​ការងារ​បុគ្គលិក​ដែល​គាត់​ជា​ប្រតិភូ​បុគ្គលិក​ ជា​ថ្នាក់​ដឹកនាំ​សហជីព​នេះ អា​ហ្នឹង​ជា​ចេតនា​មិន​ចង់​ឲ្យ​មាន​តំណាង​របស់​ពួកគាត់​នៅ​កន្លែង​ការងារ ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​កម្មករ​និយោជិត​រាប់​ពាន់​នាក់​នៅ​ក្នុង​ណាហ្គាវើលដ៍​ហ្នឹង»

Youth Call to Naga World Stop busing Union_on_30_12_2021.jpg
យុវជននិងអង្គការ​​សង្គម​ស៊ីវិល ធ្វើ​យុទ្ធនាការ​​បង្ហោះ​សារ​​តាម​​បណ្ដាញ​​សង្គម​​ហ្វេសប៊ុក (Facebook) ទាមទារ​​ឲ្យ​ក្រុមហ៊ុន​​ណាហ្គាវើដល៍ បញ្ឈប់​​ការ​រើស​អើង​​គ្រប់​ទម្រង់​ទៅ​លើ​​សហជីព។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ការ​ឆ្លើយ​បញ្ហា​នេះ ពី​ប្រធាន​ប្រតិបត្តិ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍លោក ម៉ៃ ង៉ៃ (Mike Ngai) បាន​ទេ​ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល។

Youth Call to Naga World Stop busing Union_01.jpg
អង្គការ​​សង្គម​ស៊ីវិល ធ្វើ​យុទ្ធនាការ​​បង្ហោះ​សារ​​តាម​​បណ្ដាញ​​សង្គម​​ហ្វេសប៊ុក (Facebook) ទាមទារ​​ឲ្យ​ក្រុមហ៊ុន​​ណាហ្គាវើដល៍ បញ្ឈប់​​ការ​រើស​អើង​​គ្រប់​ទម្រង់​ទៅ​លើ​​សហជីព។

គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ ១៣ ​ថ្ងៃ​ហើយ ដែល​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ជាង​ ១ ពាន់​នាក់ នៅ​ធ្វើ​កូដកម្ម​ទាម​ទារ​ដំណោះស្រាយ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន។​ ក្រុម​កូដករនាំ​គ្នា​វាយ​ស្គរ និង​ស្រែក​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ ដើម្បី​ឲ្យ​ថៅកែ​ព្រម​ទទួល​យក​បុគ្គលិក​និង​ថ្នាក់​ដឹកនាំ​សហជីព​ចូល​ធ្វើ​ការ​វិញ។ ពួកគេ​នៅ​តែ​បន្ត​ធ្វើ​កូដ​កម្ម​ដោយ​សន្តិវិធី​នេះ​ រហូត​ដល់​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន។

Youth Call to Naga World Stop busing Union_Naga World Staff protest on 29_12_2021.jpg
បុគ្គលិក​ក្រុមហ៊ុន​​ណាហ្គាវើដល៍ (Naga World) ធ្វើកូដកម្មឈានចូលដល់ថ្ងៃទី១៣ហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

សង្គម​ស៊ីវិល​លើក​ឡើង​ថា វិវាទ​ការងារ​ដែល​អូស​បន្លាយ​មក​ពេល​នេះ ដោយ​សារ​តែ​ភាគី​ក្រុមហ៊ុន​គ្មាន​ចេតនា​ស្មោះ​ត្រង់​ ចង់​ចូល​រួម​ដោះស្រាយ​បញ្ចប់​រឿង​នេះ។ សង្គម​ស៊ីវិល​យល់​ថា បើ​ខាង​ក្រុមហ៊ុន​ព្រម​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់​ចូល​ធ្វើការ​វិញ ជម្លោះ​ការងារ​មួយ​នេះ​នឹង​ត្រូវ​បាន​បញ្ចប់ ហើយ​កម្មករ​ក៏​នឹង​រំសាយ​ការ​ធ្វើ​កូដកម្ម​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។