ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រកាស​ស្វាគមន៍​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រកាស​រង់ចាំ​ស្វាគមន៍​អម​ដំណើរ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ប្រសិន​បើ​លោក​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា លោក សម រង្ស៊ី មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ឆ្លង​កាត់​ប្រទេស​ថៃ​បាន ក្រោយ​ពេល​​ដែល​ថៃ​ប្ដូរ​រដ្ឋាភិបាល​ថ្មី។

ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​រាប់​ម៉ឺន​នាក់​រង់ចាំ​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​មិន​ខ្លាច​ការ​គំរាម​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។

ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង លោក ថន ស្ដើង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១ មិថុនា​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​កន្លែង​សប្បាយ​ចិត្ត​នៅ​ពេល​ទទួល​ដំណឹង​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ ពលករ​វ័យ ៤០ឆ្នាំ​រូប​នេះ បញ្ជាក់​ថា លោក​នឹង​ពលករ​ជា​ច្រើន​នាក់​ទៀត​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក (Bangkok) ហ៊ាន​ប្ដូរ​ជីវិត​អម​ដំណើរ​ជា​មួយ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ ដោយ​មិន​ខ្លាច​លោក ហ៊ុន សែន​នោះ​ទេ។

លោក ថន ស្ដើង៖ «លោក សម រង្ស៊ី គឺ​ជា​អ្នក​ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​គាត់​ឱ្យ​ពលរដ្ឋ​ដែល​រង​គ្រោះ​ពី​ភាព​អយុត្តិធម៌​ក្ដី ឬ​ពលករ​ខ្មែរ​ដែល​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ថៃ​ហ្នឹង គាត់​រង​ទុក​លំបាក​ពី​ការងារ ហើយ​ព្រាត់ប្រាស​ឪពុក​ម្ដាយ​ប្រពន្ធ​កូន​។​អីចឹង​ហើយ​ពួកគាត់​ចង់​ទៅ​រស់​នៅ​ប្រទេស​កម្ពុជា​វិញ ដោយ​មាន​ភាព​កក់​ក្ដៅ​ដោយ​មាន​អាណាព្យាបាល​ត្រឹមត្រូវ​។​អីចឹង​ពួកគាត់​មើល​ឃើញ​ថា លោក​ប្រធាន សម រង្ស៊ី គាត់​គឺ​ជា​មេ​ដឹក​នាំ​មួយ ដែល​ជា​បង្គោល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ទៀប ពិសិទ្ធ ថ្លែង​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​អម​ដំណើរ​ លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ ពលករ​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ជាប់​ទី​ក្រុង​បាងកក​រូប​នេះ បញ្ជាក់​ថា មូលហេតុ ដែល​លោក​ហ៊ាន​លះ​បង់​អាយុ​ជីវិត​អម​ដំណើរ​មេ​បក្ស​ប្រឆាំង​រូប​នេះ ដោយសារ​លោក​មើល​ឃើញ​ថា លោក សម រង្ស៊ី វិល​ចូល​ស្រុក​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ។

លោក ទៀប ពិសិទ្ធ៖ «សព្វ​ថ្ងៃ​បើ​រស់​ស្មើ​នឹង​ស្លាប់​ដែរ​ ហើយ​សិន​ជា​យើង​ខ្លាច​ទៀត​ជីវិត​យើង​ក៏​ស្លាប់​ឥតន័យ​ដដែល។ យើង​ស៊ូ​ស្លាប់​ឱ្យ​មាន​ន័យ​ទៅ​ដើម្បី​ឱ្យ​ជាតិ​មាន​ការ​កែប្រែ​ឱ្យ​បាន​ខ្ពង់ខ្ពស់​ឡើង​វិញ។ ខ្ញុំ​ចង់​បាន​ប្រទេស​កម្ពុជា​ដូច​ប្រទេស​គេ​ឱ្យ​មាន​ការងារ​ធ្វើ ឱ្យ​កូន​ចៅ​នៅ​ជនបទ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ ដូច​នៅ​ប្រទេស​ថៃ»។

ការ​ប្រកាស​របស់​ពលករ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ទទួល​ដំណឹង​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​គម្រោង​វិល​ចូល​ស្រុក​វិញ នៅ​ពេល​ខាង​មុខ។

ការ​ប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​ជា​ថ្មី​របស់​លោក សម រង្ស៊ី នេះ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ផ្ទុះ​កំហឹង​លាយ​ឡំ​ជាមួយ​ក្ដី​បារម្ភ។ កាល​ពី​ថ្ងៃ​ទី៣១ ឧសភា លោក ហ៊ុន សែន បាន​ប្រកាស​ប្រើ​កាំភ្លើង​ធំ​បេអឹម (BM) ២១ បាញ់​ស្លាប់​លោក សម រង្ស៊ី និង​បក្ស​ពួក ប្រសិន​បើ​ពួក​គេ​ហ៊ាន​ឆ្លង​កាត់​តាម​ព្រំដែន​ថៃ​ចូល​មក​កម្ពុជា។

លោក ហ៊ុន សែន៖ «ហើយ​គ្រាន់​តែ​ថៃ​គេ​បោះ​ឆ្នោត​មាន​បក្ស​មួយ​នោះ​ឈ្នះ គេ​ថា គេ​ជិត​បាន​ចូល​ស្រុក​ខ្មែរ​ហើយ ចាំ​តើ​អា​ពៅ ចាំ​ទៅ​ឯង​កុំ​ភូត​គេ​ពេក។ គេ​ស្គាល់​នយោបាយ​ថៃ​គេ​ដឹង​រឿង​ថៃ​ច្រើន​ណាស់ ថៃ​ស្មាន​តែ​សុខៗ ឱ្យ​អ្នក​ឯង​មក​ធ្វើ​អីចឹង​ឬ ហើយ​ខ្មែរ​យ៉ាង​ម៉េច​ដែរ​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង»។

ពាក់​ព័ន្ធ​នឹង​ដំណឹង​វិល​ចូល​ស្រុក​របស់​មេ​បក្ស​ប្រឆាំង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ជឿ​ជាក់​ថា លោក​ សម រង្ស៊ី មិន​ហ៊ាន​វិល​ចូល​ស្រុក​នោះ​ទេ។ លោក​បន្ត​ថា ប្រសិន​មេ​បក្ស​ប្រឆាំង​រួប​នេះ​វិល​ចូល​ស្រុក​មែន​នោះ​ក៏​មិន​មាន​ពលករ​ខ្មែរ​ច្រើន​ចាំ​ទទួល​ស្វាគមន៍​លោក​ដែរ។

លោក សុខ ឥសាន៖ «ហើយ​ចុះ​បើ​គេ​ប្រកាស​ស្វាគមន៍​យ៉ាង​ម៉េច​ក៏​មិន​មក។ អា​ហ្នឹង​បាន​សេចក្ដី​ថា​មនុស្ស​ហ្នឹង​គ្រាន់​តែ​យក​ការ​វិល​ចូល​ស្រុក​មក​ធ្វើ​ជា​ឧបាយកល​នយោបាយ ប្រកូកប្រកាស​គ្រាន់​តែ​គោះ​ទឹក​បង្អើល​ត្រី​ទេ​ វា​អត់​មាន​មក​ទេ។ ហើយ​អាច​យក​ការ​ប្រកាស​ចូល​ស្រុក​នឹង​ធ្វើ​អាជីវកម្ម​នយោបាយ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​វិភាគ​នយោបាយ លោក គឹម សុខ មើល​ឃើញ​ថា លោក សម រង្ស៊ី មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​ឆ្លង​ការ​ប្រទេស​ថៃ​បាន ប្រសិន​បើ​ប្រទេស​នេះ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​នាំ​ដោយ​​ក្រុម​ប្រជាធិបតេយ្យ​។ ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​ថៃ​ថ្មី​នេះ​នឹង​ជួយ​ដល់​ក្រុម​ប្រជាធិបតេយ្យ​ដូច​គ្នា។

លោក គឹម សុខ៖ «ដោយ​លោក សម រង្ស៊ី ចេះ​ធ្វើ​ការ​សម្របសម្រួល​នយោបាយ​ការ​ទូត​ហើយ​នឹង​បង្កើត​ទំនាក់ទំនង​ការ​ទូត​របស់​គាត់​ជា​មួយ​បណ្ដា​ប្រទេស​នានា ថែម​ទៀត មិន​ត្រឹម​តែ​ថៃ​ទេ។ ទាំង​ថៃ​ទាំង​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ជា​ដើម ដើម្បី​ឱ្យ​ប្រទេស​ថៃ និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​មើល​ឃើញ​ថា វា​ជា​កិច្ច​សហប្រតិបត្តិការ​រួម»។

កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បាន​ព្យាយាម​វិល​ទៅ​កម្ពុជា​វិញ​ម្ដង​រួច​មក​ហើយ​ តែ​មិន​បាន​សម្រេច ដោយសារ​តែ​របប​លោក ហ៊ុន សែន បាន​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ​ពង្រាយ​តាម​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​រារាំង និង​ហាម​មិន​ឱ្យ​ក្រុម​ហ៊ុន​យន្តហោះ​ដឹក​លោក​ សម រង្ស៊ី ទៅ​កម្ពុជា និង​ថែមទាំង​ស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​រួម​ទាំង​ប្រទេស​ថៃ ជាដើម កុំ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ជាន់​ទឹក​ដី។ កាល​នោះ ក៏​មាន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​រង់ចាំ​អម​ដំណើរ​ជា​មួយ​លោក សម រង្ស៊ី នៅ​ប្រទេស​ថៃ​ដែរ។

លោក ហ៊ុន សែន ធ្លាប់​ទទួល​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ២០១៩ ដោយ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ គឺ​លោក ប្រាយុទ្ធ ចាន់អូចា មិន​ឲ្យ​លោក សម រង្ស៊ី ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ដឹកនាំ​អ្នក​គាំទ្រ​លោក​វិល​ទៅ​កម្ពុជា​វិញ។ ក៏ប៉ុន្តែ​សម្រាប់​បរិបទ​នយោបាយ​នៅ​ថៃ​នា​ពេល​នេះ​វិញ ខុស​ពី​មុន ពោល​គឺ រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) បាន​ចាញ់​ការ​បោះ​ឆ្នោត កាល​ពី​ពេល​ថ្មីៗ នេះ។ ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​ថៃ​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ក៏​ជា​របត់​មួយ​ថ្មី​ទៀត សម្រាប់​លោក សម រង្ស៊ី ក្នុង​ការ​វិល​ទៅ​កម្ពុជា​វិញ។

អ្នក​វិភាគ​ លោក គឹម សុខ លើក​ឡើង​ថា ប្រសិន​បើ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ពេល​ខាង​មុខ​មែន​នោះ នឹង​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន​ ទៅ​កូន​ប្រុស​ច្បង​ គឺ​ លោក ហ៊ុន ម៉ាណែត ព្រោះ​លោក​មិន​អាច​ទប់​ស្កាត់​ក្រុម​ប្រជាធិបតេយ្យ​បាន​នោះ​ទេ ហើយ​​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។