អតីតកងទ័ពខ្មែរក្រហមនៅតំបន់ប៉ៃលិនសោកស្ដាយ ចំពោះការសម្រេចរបស់តុលាការកំពូលខ្មែរក្រហម ដែលតម្កល់សាលដីការបស់សាលាដំបូង ដាក់ទោសលោក ខៀវ សំផន អស់មួយជីវិត នៅថ្ងៃទី២២ កញ្ញា។ ពួកគាត់បញ្ជាក់ថា ការសោកស្ដាយនេះ ដោយសារតែតុលាការខ្មែរក្រហមមិនអាចនាំខ្លួនមេដឹកនាំគណបក្សកាន់អំណាចមួយចំនួន មកឆ្លើយបំភ្លឺនិងកាត់ទោសដែរ។
អតីតកងទ័ពខ្មែរក្រហម និងជាអ្នកធ្លាប់ឆ្លងកាត់សម័យកាលសង្គ្រាម យល់ថាតុលាការកំពូលខ្មែរក្រហម មិនគួរដាក់ទោសលោក ខៀវ សំផន អស់មួយជីវិតឡើយ ព្រោះលោកគ្មានទំនួលខុសត្រូវអ្វីខ្ពស់ទេក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
អតីតកងទ័ពខ្មែរក្រហម លោក ថោង ធន ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី២២ ខែកញ្ញា ថា លោកគ្មានការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់តុលាការកំពូល ពាក់ព័ន្ធសំណុំរឿងលោក ខៀវ សំផន ព្រោះលោកគិតថាការកាត់ទោសនេះមិនចំគោលដៅ ហើយលោក ខៀវ សំផន គ្មានអំណាចឡើយ ។ លោកបន្តថា ការកាត់ទោសមេដឹកនាំកំពូលមានលោក ប៉ុល ពត និងលោក នួន ជា ទើបត្រូវចំគោលដៅ។លើសពីនេះ លោក សោកស្ដាយដែលតុលាការមិនអាចនាំខ្លួនមេដឹកនាំក្នុងគណបក្សប្រជាជនមួយចំនួន ដើម្បីចូលបំភ្លឺឡើយ។ លោកបន្តថា បញ្ហាសង្គ្រាមនៅប្រទេសកម្ពុជា គឺមិនមែនកើតឡើងដោយសារតែភាគីខ្មែរក្រហមនោះទេ ហើយបទល្មើសកើតឡើង គឺគ្មានការស្រាវជ្រាវស៊ីជម្រៅអស់ហើយបែរជា កាត់ទោសតែបុគ្គល ២នាក់ ៣នាក់ទៅវិញ៖ « ដើម្បីយុត្តិធម៌គួរតែ តា ខៀវ សំផន ហ្នឹង បើរកឃើញថា ទោសអ៊ីចឹងហើយ ប៉ុន្តែគាត់អត់បាន ចង់និយាយថា បទបញ្ជារបស់គាត់ស្អីមួយនោះ វាអត់នឹងមានផងហ្នឹង។ អ៊ីចឹងអាចថាចោទគាត់ក៏ចោទទៅ ប៉ុន្តែកុំដាក់គាត់មួយជីវិតអី វាអត់សូវចំផង ខ្ញុំវាខ្មាសគេផង ខ្មាសគេ។ អាអ្នកដែលសម្លាប់រង្គាលប្រជាពលរដ្ឋនៅដើរគឃ្លើន ហើយស្រាប់តែខ្មែរខ្លួនឯងតែ២នាក់ ៣នាក់ ត្រូវទទួលរងទោស។ អ៊ីចឹងជាបទពិសោធន៍សម្រាប់អនាគតជាតិ ដឹកនាំក្រោយៗអី យើងគ្រាន់ថាកុំយកគំរូតាម ហើយក៏ធ្វើម៉េចរកយុត្តិធម៌ឱ្យជនរងគ្រោះអោយបាន កុំអោយវាចេះតែនិទ្ទណ្ឌភាពតែរហូត » ។
អតីតកងទ័ពខ្មែរក្រហមម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ថ្លែងថា លោក ខៀវ សំផន មានតែតួនាទីជាប្រមុខរដ្ឋ ប៉ុន្តែគ្មានឥទ្ធិពលឡើយក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ។ លោកបន្តថា សាលាក្ដីខ្មែរក្រហមគួរដោះលែងលោក ខៀវ សំផន និងមិនគួរកាត់ទោសគាត់ជាប់គុកអស់មួយជីវិតឡើយ ព្រោះវាអយុត្តិធម៌សម្រាប់គាត់។ លោកសង្កេតឃើញថា សាលាក្ដីខ្មែរក្រហមអនុវត្តការងារគ្មានឯករាជ្យភាពឡើយ ព្រោះភាគីពាក់ព័ន្ធ ឬបុគ្គលិកដែលមានតួនាទីក្នុងរដ្ឋាភិបាលជាប់ពាក់ព័ន្ធ គឺគ្មានការចូលរួមដោះស្រាយឡើយ។ លោកយល់ថា សាលាក្ដីគ្រាន់តែជាឆាកល្ខោនបង្គ្រប់កិច្ច ដើម្បីចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមទទួលទោស ហើយលុបលាងនូវទង្វើកំហុសមួយចំនួនរបស់មេដឹកនាំសព្វថ្ងៃប៉ុណ្ណោះ៖ « មិនគួរណាគាត់ទោសដាក់គុកមួយជីវិតទេ គាត់ចំណាស់ៗនេះហើយ មិនមែនគាត់សម្លាប់ខ្មែរឯណាទាំងស្រុង ដោយសារគាត់សម្លាប់ខ្មែរអស់ គាត់ទៅដឹកនាំអ្នកណា ដឹកនាំដើមឈើ ឬដឹកនាំដីទទេ ? ព្រោះអ្នកដឹកនាំគេត្រូវការប្រជាពលរដ្ឋ ប្រជាពលរដ្ឋនៅមិនបានសេចក្ដីសុខ ដោយសារអ្វី ? ដោយសារមាននយោបាយវាអត់ល្អ ក្នុងចំណោមគាត់ដឹកនាំ គេរុក គេឆ្កៀលគាត់ គេក្បត់ គេបំផ្លាញនយោបាយ។ បើចង់អោយតុលាការឯករាជ្យអ្នកពាក់ព័ន្ធទាំងអស់ អ្នកមានជាប់និន្នាការនយោបាយកម្ពុជាប្រជាធិបតេយ្យទៅ ចូលតុលាការទាំងអស់គ្នាទៅ កាត់ទោសទៅ មិនមែនតែខៀវ សំផន តា ប៉ុល ពត និង អៀង សារី ឯណាច្រើន » ។
ពួកគេយល់ថាវិនាសកម្មរបស់ខ្មែរ គឺគ្រាន់ជាល្បិចនយោបាយប្រទេសវៀតណាម ដើម្បីអោយកម្ពុជាមានជម្លោះផ្ទៃក្នុង និងដណ្ដើមអំណាចគ្នា។
ការលើកឡើងរបស់អតីតទាហានខ្មែរក្រហមនេះ គឺបន្ទាប់ពីតុលាការកំពូល នៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២២ ខែកញ្ញាសម្រេចតម្កល់ការផ្ដន្ទាទោស លោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមាន ការសម្លាប់រង្គាល ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអំពើអមនុស្សធម៌ផ្សេងទៀត។
លោក ខៀវ សំផន ជាបញ្ញវន្តខ្មែរមួយរូប បានរៀនចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅប្រទេសបារាំង។ លោកធ្លាប់ជាប់ជាសមាជិកសភាតំណាងរាស្ត្រ ពីរអាណត្តិក្នុងសម័យសង្គមរាស្ត្រនិយម។ ក្រោយមក លោកក្លាយជាកម្មាភិបាលជាន់ខ្ពស់ ក្នុងរបបខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ លោកនៅបន្តកាន់មុខតំណែងជាន់ខ្ពស់នេះ រហូតដល់ថ្ងៃចាប់ខ្លួន ដោយសាលាក្ដីខ្មែរក្រហម។ ប៉ុន្តែ លោកធ្លាប់អះអាងថា ការទទួលខុសត្រូវរបស់លោក មិនស្មើនឹងការទទួលខុសត្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលក្នុងរបបខ្មែរក្រហមនោះទេ។
ទោះជាយ៉ាងណា សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល បានបិទផ្លូវតវ៉ា និងចារទុកក្នុងប្រវត្តិសាស្ត្រថា លោក ខៀវ សំផន គឺជាជនឧក្រិដ្ឋ ត្រូវស្ថិតក្នុងមន្ទីរឃុំឃាំងរបស់សាលាក្ដីខ្មែរក្រហម ដែលនឹងត្រូវអនុវត្តទោស រហូតដល់ជីវិតចុងក្រោយរបស់លោក៕