តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ បានចេញសាលដីកាសម្រេចតម្កល់សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងទុកជាបានការដដែល ករណីដាក់ទោសលោក ខៀវ សំផន អស់មួយជីវិត។ ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិយល់ឃើញថា សេចក្ដីសម្រេចនេះ គឺជាការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ហើយដីកាសម្រេចនេះក៏ជាការផ្សះផ្សាផ្លូវចិត្តមួយដែរ ដល់គ្រួសារជនរងគ្រោះ។
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ចេញដីកាសម្រេចចុងក្រោយបដិសេធបណ្ដឹងសារទុករបស់លោក ខៀវ សំផន ដោយរក្សាសេចក្ដីសម្រេចរបស់តុលាការដំបូងដដែល ទាក់ទងនឹងបទចោទក្នុងករណី ០០២/០២ (០០២ វគ្គ ០២) ជុំវិញការចោទប្រកាន់លោក ទាក់ទងនឹងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ការរៀបការដោយបង្ខំ និងការរំលោភសេពសន្ថវៈនៅទូទាំងប្រទេស ការបោសសម្អាតផ្ទៃក្នុង និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតាមទីតាំងសហករណ៍ និងកន្លែងឃុំខ្លួនផ្សេងៗ ទៀត។
ក្នុងអង្គជំនុំជម្រះ សាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ មានអ្នកចូលរួមជាង៧រយនាក់ ក្នុងនោះភាគច្រើនជាពលរដ្ឋមានវ័យចំណាស់មកពីខេត្តនានា ដូចជាខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺជាដើម ដែលប្រជាពលរដ្ឋទាំងនោះត្រូវបានប្រធានភូមិជាអ្នកដឹកនាំចាត់ចែងឱ្យមកចូលរួមស្ដាប់ការកាត់សេចក្ដីដោយមានឡានក្រុងជូនទៅមក ក្រៅពីនេះក៏មានវត្តមានតំណាងអង្គការសហប្រជាជាតិ អង្គទូត និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ចូលរួមផងដែរ។
ប្រធានតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ចៅក្រម គង់ ស្រ៊ីម បានអានដីកាសម្រេចរយៈពេលជាង ២ម៉ោង ដោយនៅទីបញ្ចប់សាលដីការបស់តុលាការកំពូល សម្រេចឱ្យលោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិតដដែល៖« ប្រកាស ដំកល់ការប្រកាសទោស ដាក់ពន្ធនាគារអស់មួយជីវិត លោក ខៀវ សំផន របស់អង្គជំនុំជម្រះសាលាដំបូងបង្គាប់ថា ខៀវ សំផន ត្រូវស្ថិតនៅមន្ទីរឃុំឃាំង អ . វ . ត . ក រងចាំការចេញសាលដីកាមានសំអាងហេតុពេញលេញ នឹងការបញ្ចប់នូវការរៀបចំ សម្រាប់ការផ្ទេរដោយអនុលោមតាមច្បាប់នៃពន្ធនាគារ ដែលគាត់ត្រូវបន្តអនុវត្តទោសរបស់គាត់ » ។
នៅក្នុងពេលសវនាការថ្ងៃនេះ អតីតប្រមុខរដ្ឋ កម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ដែលមានអាយុ ៩១ឆ្នាំទៅហើយនោះ ក៏មានវត្តមាននៅក្នុងសវនាការនោះផងដែរ ដោយលោកត្រូវបានក្រឡាបញ្ជីប្រកាសឱ្យដឹងថា មានសុខភាពល្អបង្គួរ។លោកបានពាក់ម៉ាស់ពណ៌ស នឹងជួនកាលបានអង្គុយឈ្ងោកមុខសម្លឹងទៅមើលអេក្រង់ទូរទស្សន៍ខាងមុខក្រចកសេះ ដែលចៅក្រមកំពុងអានសាលដីកា។ លោក ខៀវ សំផន និងមេធាវីការពារក្ដីរបស់លោក គឺលោក គង់ សំអុន មិនមានឱកាសថ្លែងសារអ្វីនោះឡើយ។ ទោះយ៉ាងណាក្ដី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅពេលបិទបញ្ចប់សវនាការបណ្ដឹងសារទុក្ខ លោក ខៀវ សំផន បានបដិសេធដាច់អហង្ការថា លោកមិនដែលពាក់ព័ន្ធជាមួយនឹងសោកនាដកម្មប្រឆាំងមនុស្សជាតិនោះទេ ព្រោះលោកគ្រាន់តែជាសមាជិកមជ្ឈិមបក្ស ដែលគ្មានអំណាចសម្រេចកិច្ចការកំពូលដូចគណអចិន្ត្រៃយ៍នោះឡើយ ហើយម្យ៉ាងទៀត នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អំណាចគឺមានតែនៅលើក្រុមទាហានតែប៉ុណ្ណោះ៖« ខ្ញុំសូមប្រកាសថា ខ្ញុំមិនអាចទទួលបានទេ ការចោទប្រកាន់ដែលថាខ្ញុំបានចូលរួមនៅក្នុងផែនការមួយដែលមានទិសដៅប្រព្រឹត្តិឧក្រិដ្ឋកម្ម លើបងប្អូនរួមជាតិឯង ក្នុងនោះសម្លាប់ទាំងបងប្អូនចាម ឬជនជាតិវៀតណាម។ ទោះបីអស់លោក សម្រេចយ៉ាងណាក៏ដោយ ខ្ញុំនឹងត្រូវស្លាប់នៅក្នុងគុក ខ្ញុំស្លាប់ទៅដោយចងចាំជានិច្ច ទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជា » ។
បន្ទាប់ពីសវនាការបានបញ្ចប់ ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងជានាយកទទួលបន្ទុកកិច្ចការច្បាប់ លោក ស្ទេហ្វិន ម៉ាធៀស (Stephen Mathias) បានថ្លែងសារទៅកាន់សន្និសីទសារព័ត៌មានដោយលោកបញ្ជាក់ថា លោកមានការកោតសរសើរចំពោះ សាលាក្ដីខ្មែរក្រហម ដែលបានដំណើរការកាត់ក្ដីសំណុំរឿង ០០២/០២ ដោយរលូន និងស្របតាមបទដ្ឋានច្បាប់អន្តរជាតិ ហើយកិច្ចការនេះគឺជាសក្ខីភាពបញ្ជាក់បន្ថែមថា មិនត្រូវឱ្យមានអំពើនិទ្ទណ្ឌភាពចំពោះសោកនាដកម្មមនុស្សជាតិអន្តរជាតិទៀតនោះទេ។ លោក ស្ទេហ្វិន ម៉ាធៀស បន្ថែមថា សេចក្ដីប្រកាសក្នុងថ្ងៃនេះ ក៏ជាការបង្ហាញថា សហគមន៍អន្តរជាតិបានត្រៀមខ្លួន និងមានឆន្ទៈរួចជាស្រេចក្នុងការធានាឱ្យមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាអន្តរជាតិ បើទោះបីជាឧក្រិដ្ឋកម្មទាំងនោះត្រូវបានប្រព្រឹត្តិទៅអស់រយៈពេលរាប់ទសវត្សក្ដី៖ « ការប្រកាសសាលដីកានៅថ្ងៃនេះ គូសបញ្ជាក់ថាសហគមន៍អន្តរជាតិ ត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការធានាឱ្យមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ជាអន្តរជាតិ ទោះបានប្រព្រឹត្តិទៅច្រើនទសវត្សមកហើយក្ដី » ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថាសាលាក្ដីខ្មែរក្រហមនេះ បានដំណើរការរយៈពេល ១៦ឆ្នាំហើយ ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២ នេះ ដោយចំណាយថវិកា ដែលបានមកពីការផ្ដល់វិភាគទានស្ម័គ្រចិត្តរបស់ក្រុមប្រទេសម្ចាស់ជំនួយ ដែលមានចំនួនទឹកប្រាក់ ៣៣០លានដុល្លារ ក្នុងនោះភាគីជាតិ ចំណាយអស់ ៩៤,៧៤លានដុល្លារ និងភាគីអន្តរជាតិចំណាយអស់ថវិកាចំនួន ២៣៥,៣៥លានដុល្លារ៕
កំណត់សម្គាល់៖ អត្ថបទក្នុងទំព័រនេះ ត្រូវបានយើងខ្ញុំធ្វើបច្ចុប្បន្នភាព និងកែសម្រួលឡើងវិញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។