មន្ត្រីព្រឹទ្ធសភាអាមេរិក ថា ច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន ចំពោះការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ឬច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R.526 នឹងត្រូវយកមកពិភាក្សាដេញដោល ពេលព្រឹទ្ធសភាចូលកងវិញ នៅដើមឆ្នាំ២០២០។
តើនីតិវិធីបន្ត ក្នុងការធ្វើច្បាប់នេះ ប្រព្រឹត្តទៅយ៉ាងដូចម្ដេចខ្លះ?
ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R.526នេះ ត្រូវបានសភាអាមេរិក អនុម័តជាឯកឆ្ឆន្ទ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៩ នឹងបានបញ្ជូនដល់ដៃគណៈកម្មាធិការព្រឹទ្ធសភា នៅថ្ងៃបន្ទាប់។ ប៉ុន្តែ ដោយសារព្រឹទ្ធសភាអាមេរិក មានសេចក្ដីស្នើច្បាប់ជាច្រើនផ្សេងទៀត ដែលត្រូវអនុម័តក្នុងឆ្នាំ ២០១៩ ទើបមិនទាន់អាចពិចារណាច្បាប់នេះ ឱ្យទាន់មុនដាច់ឆ្នាំ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា អ្នកស្រី ស៊ូសាន រ៉ាស (Suzanne Wrasse) ឱ្យអាស៊ីសេរី ដឹងកាលពីពេលថ្មីៗនេះ ថាគ្មានហេតុផលណាមួយ ដែលអាចរារាំងព្រឹទ្ធសភា ក្នុងការអនុម័តច្បាប់នេះនោះទេ។ អ្នកស្រីបញ្ជាក់ថា ព្រឹទ្ធសភាបានដឹងឮ អំពីច្បាប់នេះរួចហើយ ហើយព្រឹទ្ធសភានឹងពិចារណាច្បាប់នេះ នៅឆ្នាំថ្មី ឆ្នាំ ២០២០ ពេលដែលព្រឹទ្ធសភាចូលកងវិញ។
តាមកាលវិភាគឆ្នាំ២០២០ ព្រឹទ្ធសភាអាមេរិក នឹងចូលកងវិញនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២០។
មុននឹងសេចក្តីស្នើច្បាប់អ្វីមួយ រួមទាំងច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R.526នេះ ចូលជាធរមាន ត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗបួន។ ដំណាក់កាលដំបូង គឺដាក់ស្នើច្បាប់។ ដំណាក់ទីពីរសភាអនុម័ត។ ដំណាក់កាលទីបី ព្រឹទ្ធសភាអនុម័ត។ ចុងក្រោយប្រធានាធិបតីចុះហត្ថលេខា ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។
ឥឡូវនេះ ច្បាប់នេះកំពុងស្ថិតក្នុងដំណាក់កាលទីបី ដោយស្ថិតក្នុងដៃគណៈកម្មាធិការកិច្ចការ ទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា ដែលមានភារកិច្ចសិក្សាលើខ្លឹមសារច្បាប់នេះ មុននឹងដាក់ទៅព្រឹទ្ធសភាពេញអង្គអនុម័ត។
ក្រោយពីព្រឹទ្ធសភាអនុម័តរួច ច្បាប់នេះនឹងត្រូវបញ្ជូនទៅប្រធានាធិបតីសហរដ្ឋអាមេរិក។ ប្រធានាធិបតី មានជម្រើសបី។ ទីមួយ ចុះហត្ថលេខាលើច្បាប់នោះ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។ ទីពីរជំទាស់ច្បាប់នោះ ដោយប្រើសិទ្ធិវ៉េតូ (veto) រួចបញ្ជូនវាត្រឡប់ទៅសភា និងព្រឹទ្ធសភាវិញ។ បើមតិពីរភាគបីនៃរដ្ឋសភា និង ព្រឹទ្ធសភា នៅតែគាំទ្រច្បាប់នេះ ការជំទាស់របស់ប្រធានាធិបតី គ្មានប្រសិទ្ធភាព។ ច្បាប់នោះនឹងចូលជាធរមាន។ ទីបី ប្រធានាធិបតី មិនចាំបាច់ធ្វើអ្វីសោះ។ ក្នុងករណីដែលប្រធានាធិបតីមិនធ្វើអ្វីសោះនេះ ក្រោយពីច្បាប់នេះបានដល់ដៃប្រធានាធិបតី ១០ ថ្ងៃ វានឹងចូលជាធរមានដោយស្វ័យប្រវត្តិ។
ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ (Cambodia Democracy Act of 2019) ឬ H.R. 526នេះ ជាវិធានគតិយុត្តិ ក្នុងការដាក់សម្ពាធរបបលោក ហ៊ុន សែន ឱ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ក្រោយរបបនេះ ធ្វើទុក្ខបុកម្នេញលើប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដោយចោទលោកពីបទក្បត់ជាតិ និងរម្លាយគណបក្សប្រឆាំងតែមួយគត់ ដែលមានអាសនៈ ៥៥ នៅក្នុងរដ្ឋសភា មានពលរដ្ឋបោះឆ្នោតគាំទ្រពាក់កណ្តាលប្រទេស និងក្រោយមករៀបចំការបោះឆ្នោត ដែលផាត់ចោលបក្សប្រឆាំងនេះ។
ច្បាប់នេះ នឹងដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររបបសព្វថ្ងៃ និងមន្ត្រីយោធា ឬកងសន្តិសុខ ដែលបានចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជានោះ។ ទណ្ឌកម្មទាំងនោះ រួមមានការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមន្ត្រីទាំងនោះ ដោយមិនឱ្យជាន់ទឹកដីអាមេរិកជាដើម។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាអាមេរិក លោក អិលលាត អិនហ្គិល (Eliot Engel) ថ្លែងក្នុងរដ្ឋសភា ជិត ៣០ ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជា តែងតែសង្ឃឹម រំពឹងថាកម្ពុជានឹងមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនឹងគេ។ ប្រទេសប្រជាធិបតេយ្យជាច្រើន នៅលើពិភពលោក សុទ្ធតែសង្ឃឹម និងរំពឹងដូចគ្នានេះដែរ ទើបនាំគ្នាខំជួយប្រទេសកម្ពុជារាប់ទសវត្សន៍មកហើយ ដោយចង់ឃើញកម្ពុជាមានរបបប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ។ លោកបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែររងការធ្វើទុក្ខបុកម្នេញ ឥតស្រាកស្រាន្តពីសំណាក់មេដឹកនាំរបបសព្វថ្ងៃ។
ប៉ុន្តែ លោកថា អាមេរិកមិនបោះបង់ពលរដ្ឋកម្ពុជាចោលនោះឡើយ៖ «ច្បាប់នេះជួយប្រធានាធិបតី និងក្រសួងការបរទេស ឱ្យមានវិធានគតិយុត្តិ កាន់តែច្រើនបន្ថែមទៀត ដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំរបបសព្វថ្ងៃ ដែលចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។ ច្បាប់នេះ ជាសារជាក់ច្បាស់មួយ ឱ្យរបបក្រុងភ្នំពេញដឹងថា សហរដ្ឋអាមេរិក នៅឈរប្រកៀកស្មាគ្នាជាមួយពលរដ្ឋខ្មែរទូទៅ ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ សភាអាមេរិក នឹងធ្វើយ៉ាងណា ឱ្យមេដឹកនាំកម្ពុជា ទទួលខុសត្រូវចំពោះការប្រព្រឹត្តបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
សមាជិកសភាអាមេរិក ពីខាងគណបក្សកាន់អំណាច គឺគណបក្សសាធារណរដ្ឋ (the Republican) ដែលជាអ្នកផ្ដួចផ្ដើមឱ្យមានច្បាប់នេះ គឺលោក ថិត យ៉ូហូ (Ted YOHO) ថ្លែងប្រាប់អាស៊ីសេរី ថា លោកសង្ឃឹមយ៉ាងមុតមាំថា ព្រឹទ្ធសភាក៏នឹងអនុម័ត ដោយគ្មានជំទាស់ ឬ អល់អែកអ្វីនោះឡើយ។ លោកសង្ឃឹមរហូតដល់ ៩៨% ថាព្រឹទ្ធសភានឹងយល់ស្របតាមសំណើនេះដែរ។ លោក ថិត យ៉ូហូ រំពឹងថា នៅ ៦ ខែ ឬ មួយឆ្នាំ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ច្បាប់នេះនឹងចូលជាធរមាន។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២០។
ទោះជាយ៉ាងនេះក្តី ការអនុម័តច្បាប់នៅកម្រិតព្រឹទ្ធសភានេះ អាចប្រព្រឹត្តទៅឆាប់ ឬយូរគឺអាស្រ័យទៅលើការជំរុញ ពីសមាជិកព្រឹទ្ធសភានៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាដទៃទៀត ដែលគាំទ្រច្បាប់នេះ។
ក្នុងពេលជាមួយគ្នានេះដែរ ពលរដ្ឋខ្មែរ-អាមេរិកទូទៅ ក៏អាចជួយជំរុញឱ្យច្បាប់នេះចេញឆាប់ ដោយសរសេរញត្តិទៅកាន់តំណាងរាស្ត្រប្រចាំរដ្ឋ ឬ តំបន់របស់ខ្លួន ឬណាត់ជួបតំណាងរាស្ត្រទាំងនោះ ដោយបញ្ជាក់អំពីគោលបំណង ដែលចង់ឱ្យប្រញាប់អនុម័តច្បាប់នេះ។
សហរដ្ឋអាមេរិក គឺជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេស ១៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមពៀងនោះ គឺដើម្បីរកដំណោះស្រាយរួម បិទបញ្ចប់ជម្លោះរ៉ាំរ៉ៃ នៃសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយកម្ពុជាសន្យាស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យជាមូលដ្ឋាន ដោយរៀបចំឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ប៉ុន្តែ រយៈពេលជាងពីរឆ្នាំ ចុងក្រោយនេះ ពោលគឺ ២៥ឆ្នាំក្រោយមានកិច្ចព្រមព្រៀងនេះ របបលោក ហ៊ុន សែន រងការរិះគន់ និងថ្កោលទោសជុំទិស ដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ មានសភាពធ្ងន់ធ្ងរ ដែលផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងនេះ។
សហរដ្ឋអាមេរិក មានយន្តការច្បាប់ជាច្រើន ដើម្បីដាក់សម្ពាធលើរបបលោក ហ៊ុន សែន ឱ្យងាកមករកគន្លងនៃការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។ យន្តការច្បាប់ទាំងនោះ រួមមានច្បាប់ដាក់ទណ្ឌកម្មមន្ត្រីពុករលួយ ឬរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬរំលោភច្បាប់ the Global Magnitsky Act និងច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R.526 នេះ៕