កម្ពុជា​នឹង​រងគ្រោះ​ពី​គម្រោង​ទិដ្ឋាការ​មេគង្គ-ឡានឆាង​របស់​ចិន ​បើ​មិន​ពង្រឹង​ប្រព័ន្ធ​នីតិរដ្ឋ​និង​យុត្តិធម៌

0:00 / 0:00

ប្រទេស​ចិន​កំពុង​ប្រើ​គោល​នយោបាយ​ថ្មី​ដោយ​ផ្ដល់​ទិដ្ឋាការមេគង្គ-ឡាន​ឆាង (Me​kong Lancang) ឱ្យ​អ្នក​ជំនួញ​កម្ពុជា និង​ក្រុម​គ្រួសារ​អាច​ទៅ​ស្នាក់​នៅ​រយៈ​ពេល​យូរ​ រហូត​១៨០​ថ្ងៃ ឬ​ស្មើ​៦​ខែ ​ដើម្បី​ទាក់ទាញ​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍។

ថ្វីត្បិតតែ​ពេល​នេះ ​មិន​ទាន់​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​នឹង​គោល​នយោបាយ​ទិដ្ឋាការ​ថ្មី​របស់​ចិន​នេះ​ក្តី​ ក៏​អ្នក​វិភាគ​យល់​ថា ក្នុង​កិច្ចការ​ទូត ​គឺ​កម្ពុជា​អាច​នឹង​អនុវត្តន៍​ដូច​គ្នា​នេះ​ ដោយ​បើក​ឱ្យ​អ្នក​ជំនួញ​ចិន​ចូល​មក​ស្នាក់​នៅ​កម្ពុជា ​មាន​រយៈ​ពេល​ដូច​គ្នា​ដែរ។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ព្រមាន​ថា កម្ពុជា​អាច​នឹង​ប្រឈម​មុខ​លើ​បញ្ហា​ជា​ច្រើន​នៅ​ពេល​ដែល​អ្នក​វិនិយោគ​ចិន​មិន​សុចរិត​ហូរ​ចូល​ច្រើន​ តាម​រយៈ​គោល​នយោបាយ​ទិដ្ឋាការ​មេគង្គ-ឡានឆាង នា​ពេល​ខាង​មុខ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​និង​ការ​សិក្សា​ស្រាវជ្រាវ លោក ​សេក សុជាតិ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ថា​ គោល​នយោបាយ​ផ្ដល់​ទិដ្ឋាការ​(មេគង្គ-ឡានឆាង)​របស់​ចិន ដែល​ទើប​តែ​ដាក់​ចេញ​ថ្មីៗ គឺ​ជា​យន្តការ​បើក​ច្រក​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ និង​អ្នក​ទេសចរ​ មិន​ថា មក​ពី​ប្រទេស​តូច​ឬ​ក៏​ប្រទេស​ធំ​ទេ​ ឱ្យ​ចូល​ទៅ​ប្រទេស​ចិន ​ដើម្បី​ទាក់ទាញ​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍។

លោក​ថា ខណៈ​ដែល​ប្រទេស​ចិន​កំពុង​ទាញ​យក​ផល​ចំណេញ​ពី​ប្រទេស​ជា​ច្រើន​រួម​ទាំង​កម្ពុជា​តាមរយៈ​ទិដ្ឋាការនេះ​ កម្ពុជា​ក៏​អាច​ទាញ​យក​ផល​ចំណេញ​ពី​ចិន​វិញ​បាន​ដែរ​ ប្រសិន​បើ​កម្ពុជា​មាន​សមត្ថភាព​ព្រម​ទាំង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​នីតិរដ្ឋ និង​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ។

លោក សេក សុជាតិ បញ្ជាក់​ទៀត​ថា ​ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​កម្ពុជា​មិន​ពង្រឹង​ប្រព័ន្ធ​នីតិរដ្ឋ​និង​យុត្តិធម៌​ទេ ​គឺ​កម្ពុជា​នឹង​ទទួល​បាន​បញ្ហា​ប្រឈម​ជា​ច្រើន ​ពី​អ្នក​វិនិយោគ​ចិន​មិន​សុចរិត ​ដែល​ចូល​មក​កម្ពុជា ​តាម​រយៈ​ទិដ្ឋាការ​នេះ។

លោក ​សេក សុជាតិ៖ «បើសិនជា​កម្ពុជា​មិន​អាច​ពង្រឹង​នីតិរដ្ឋ​និង​ប្រព័ន្ធ​យុត្តិធម៌​បាន​ទេ ​ហើយ​មាន​ការ​បណ្ដែត​បណ្ដោយ​ដូច​យើង​ធ្លាប់​ឃើញ​មួយ​រយៈ​កន្លង​មក​ គឺ​នៅ​ពេល​ដែល​អ្នក​វិនិយោគ​ចិន​ខ្លះ ​មក​ដល់​កម្ពុជា​ បាន​បង្ហាញ​​ចរិត​ធ្វើ​ហាក់​ជា​ម្ចាស់​នៃ​អាជ្ញាធរ ឬ​ក៏​កង​កម្លាំង​របស់​កម្ពុជា​ជាដើម។ ​ជនជាតិ​ចិន​ខ្លះ​អាច​ប្រើ​ប្រាស់​មធ្យោបាយ​ដូច​ជា​ឡាន​ មាន​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ(ខ.ម)ឬ​ក៏​នគរបាល(ន.ប)ជាដើម។ បញ្ហា​នោះ​មើល​ទៅ​ទិដ្ឋភាព​គឺ​ពិបាក​ក្នុង​ការ​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​ណាស់»។

ការ​ព្រមាន​របស់​អ្នក​សិក្សា​សង្គម​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​ប្រទេស​ចិន​ បាន​ដាក់​ចេញ​គោល​នយោបាយ​ថ្មី ​គឺ​ការ​ផ្ដល់​ទិដ្ឋាការ​(មេគង្គ-ឡានឆាង) មក​ឱ្យ​អ្នក​ជំនួញ​កម្ពុជា​និង​ក្រុម​គ្រួសារ ​អាច​ទៅ​ស្នាក់​នៅ​ប្រទេស​ចិន​បាន​ក្នុង​រយៈ​ពេល​យូរ។ អ្នក​វិភាគ​យល់​ថា​ក្នុង​កិច្ចការ​ទូត​ រដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​អនុវត្តន៍​គោល​នយោបាយ​បើក​ចំហ​ដូច​គ្នា​នេះ ​ចំពោះ​អ្នក​ជំនួញ​ចិន​វិញ​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ ឱ្យ​ដឹង​ថា​ ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​តទៅ​ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​នឹង​ផ្ដល់​សិទ្ធិ​សម្រាប់​អ្នក​ជំនួញ​កម្ពុជា និង​ក្រុម​គ្រួសារ លើ​ប្រភេទ​ទិដ្ឋាការ​ច្រើន​ប្រភេទ​រយៈ​ពេល​៥​ឆ្នាំ​ ជាមួយ​នឹង​ការ​ស្នាក់នៅ​ប្រទេស​ចិន​បាន ១៨០​ថ្ងៃ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ម្ដងៗ។

ពលរដ្ឋ​កម្ពុជា​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ២៣​ដុល្លារ​លើ​ថ្លៃ​ទិដ្ឋាការ​សម្រាប់​ម្នាក់ៗ។

កាល​ពី​មុន​ប្រទេស​ចិន​មិន​ធ្លាប់​មាន​គោល​នយោបាយ​ផ្ដល់​ទិដ្ឋាការ​ចំហ​ រយៈ​ពេល​យូរ​ដល់​ពលរដ្ឋ​កម្ពុជា​ដូច​នេះ​ទេ។

ទោះបីជា​យ៉ាងណា វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ ជុំវិញ​រឿង​គោល​នយោបាយ​ថ្មី​របស់​ចិន​នៃ​ទិដ្ឋាការ​(មេគង្គ-ឡានឆាង​)នេះ ​ពី​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក ជុំ សុន្ទរី បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

ប៉ុន្តែ​សារព័ត៌មាន​ចិន (ECNS) បាន​ដកស្រង់​សម្ដី ​នាយករដ្ឋមន្ត្រី​ចិន ​លោក លី ឈាង (Li Qiang) មក​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ថា ប្រទេស​ចិន​បាន​សម្រេច​ចេញ​ទិដ្ឋាការដល់​ប្រទេស​ចំនួន​ប្រាំ ​នៃ​មហា​អនុ​តំបន់​មេគង្គ​ មាន​កម្ពុជា ​ឡាវ ​មីយ៉ាន់ម៉ា ​ថៃ និង​វៀតណាម។ ​លោក លី ឈាង បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​ប្រាំបី​ នៅ​ទីក្រុង​គួនមីង (Kunming) ខេត្ត​យូណាន (Yunnan) ថា ​ទិដ្ឋាការ​ជា​យុទ្ធសាស្ត្រ​បើក​ចំហ ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​ដូច​ជា ​ពាណិជ្ជកម្ម ​កសិកម្ម​និង​ការ​ត​ភ្ជាប់​វិស័យ​ជា​ច្រើន​ទៀត។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​បណ្ឌិត ហុង វណ្ណៈ យល់​ថា គោល​នយោបាយ​ផ្ដល់​ទិដ្ឋាការ ​របស់​ចិន​ គឺ​កម្ពុជា​អាច​ទាញ​យក​ផល​ចំណេញ ​បាន​ច្រើន​ជាង​ចិន។ លោក​ថា​ បច្ចុប្បន្ន បើ​និយាយ​ពី​អ្នក​ជំនួញ​កម្ពុជា​ ដែល​ចេញ-ចូល​ទៅ​ចិន ​មិន​មាន​ចំនួន​ច្រើន​ទេ។ ផ្ទុយ​ទៅ​វិញ​តាមរយៈ​គោល​នយោបាយ​ទិដ្ឋាការ (មេគង្គ-ឡានឆាង)​នេះ​ បើសិនជា​អ្នក​វិនិយោគ និង​អ្នក​ទេសចរ​ចិន​ចូល​មក​កម្ពុជា​ច្រើន ​ហើយ​ស្នាក់​នៅ​បាន​រយៈ​ពេល​យូរ​ថែម​ទៀត​ គឺ​កាន់​តែ​ធ្វើ​ឱ្យ​ទទួល​បាន​ចំណូល​យ៉ាង​ច្រើន។

បណ្ឌិត ហុង វណ្ណៈ៖ «យើង​គិត​មើល​បើសិនជា​ក្នុង​រយៈ​ពេល ៦​ខែ​អ្នក​ជំនួញ​ចិន​អាច​ធ្វើ​ដំណើរ​​​ចេញ​ចូល​កម្ពុជា​បាន​ច្រើន​ដង​ គឺ​វា​ក៏​អាច​ជួយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទទួល​បាន​ផល​ចំណេញ​ក៏​កាន់​តែ​ច្រើន ​ហើយ​ក៏​បាន​បង្កើត​ការងារ​ច្រើន​ទៅ​តាម​នោះ​ដែរ។ បន្ថែម​លើ​នេះ​ទៀត​ប្រសិន​បើ​អ្នក​ជំនួញ​ចិន​ជាច្រើន​ចូល​មក​ស្នាក់​នៅ​កម្ពុជា​យូរ​ទៀត ខ្ញុំ​គិត​ថា​ក៏​កាន់​​តែ​បាន​ផល​ចំណេញ​ច្រើន​ដែរ។ ការ​ស្នាក់នៅ​និង​ហូប​ចុក ​គឺ​ប្រាកដ​ជា​បាន​យក​ថវិកា​មក​ចាយ ​ហើយ​វា​បាន​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ចលនា​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​ច្រើន​ដែរ»។

ទោះបីជា​យ៉ាងណា អ្នក​អត្ថាធិប្បាយ​នយោបាយ ​លោក គឹម សុខ យល់​ថា គឺ​រដ្ឋាភិបាល​ចិន​ទៅ​វិញ​ទេ ​ដែល​ចំណេញ​ពី​គោល​នយោបាយ​ទិដ្ឋាការ​មេគង្គ-ឡាន​ឆាង។ លោក គឹម សុខ បញ្ជាក់​ថា​ ការ​ដែល​រដ្ឋាភិបាល​ចិន​បើក​ឱ្យ​អ្នក​ជំនួញ​កម្ពុជា​និង​ក្រុម​គ្រួសារ​ចូល​ទៅ​ប្រទេស​ចិន ​ដោយ​ងាយ​គឺ​ជា​ផល​ចំណេញ​យ៉ាង​ធំធេង​ ពីព្រោះ​អ្នក​ជំនួញ​កម្ពុជា​ទាំង​នោះ ​ជា​អ្នក​មាន​លុយ​យក​ទៅ​ចាយ​នៅ​ចិន។ ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​អ្នក​ជំនួញ​កម្ពុជា​ធំៗ មាន​លុយ​ច្រើន​ ហើយ​ព្រួយ​បារម្ភ​ខ្លាច​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ គឺ​គេ​ក៏​អាច​សម្ងំ​រស់​នៅ​ប្រទេស​ចិន ​ហើយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិន​កាន់​តែ​ចំណេញ។ ចំណែក​ឯ​កម្ពុជា​វិញ​គឺ​គ្មាន​ចំណេញ​អ្វី ​ក្រៅ​ពី​ទទួល​បាន​តែ​អ្នក​វិនិយោគ​ចិន​ទុច្ចរិត​នោះ​ឡើយ។

លោក គឹម សុខ៖ «ទីពីរ​អាច​ជា​ជនជាតិ​ចិន​ ពួក​ម៉ាហ្វីយ៉ា(Mafia)ដែល​ឆ្លៀត​ឱកាស​មក​លាង​លុយ​កខ្វក់​ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវការ​លុយ​ដើម្បី​ចិញ្ចឹម​អំណាច។ ទី៣​ជនជាតិ​ចិន​ខ្លះ​អាច​ប្រើ​ឈ្មោះ​ជា​អ្នក​ជំនួញ​ស្រប​ច្បាប់ ​ក៏​ប៉ុន្តែ​ពេល​មក​ដល់​កម្ពុជា ​រកស៊ី​មែន​ទែន​ជាមួយ​និង​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ បែរ​ជា​ទៅ​កាប់​ឈើ​ ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​និង​ការ​ជួញដូរ​មនុស្ស ឬ​គ្រឿងញៀន​ជា​ដើម។ ដូច្នេះ​កាល​ណា​មាន​ការ​កើន​ឡើង​នូវ​គំនរ​បញ្ហា​របៀប​នេះ​ គឺ​វា​បង្កើត​ទៅ​ជា​​អសន្តិសុខ​ធ្ងន់ធ្ងរ​ណាស់​ដល់​ប្រទេស​កម្ពុជា​របស់​យើង»។

បច្ចុប្បន្ន​នេះ​ បើ​ពិនិត្យ​ទៅ​លើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន​វិញ​ នៅ​មិន​ទាន់​ឃើញ​ថា ចិន​អាច​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​បាន​ទេ។

ក្នុង​រយៈ​ពេល ១០​ខែ​ឆ្នាំ​២០២៤ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​ ក្នុង​ទំហំ​ទឹកប្រាក់​តែ​ជាង ១​ពាន់​លាន​ដុល្លារ (១,៤២) ខណៈ​ដែល​ចិន​បាន​នាំចូល​ទំនិញ​មក​កម្ពុជា​វិញ​ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១០ (១០,៩) ពាន់​លាន​ដុល្លារ។

ចំណែក​អ្នក​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​វិញ​ ក្នុង​រយៈ​ពេល ៩​ខែ​ឆ្នាំ​២០២៤​ គឺ​មាន​ចំនួន​ជាង ៦០ (៦០៧.៥៤២) ម៉ឺន​នាក់។ ចំនួន​នេះ​ថ្វីត្បិតតែ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន មាន​ការ​កើន​ឡើង​ជិត​៥០​ភាគ ​ក៏​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​មុន​ពេល​ជំងឺ​កូវីដ-១៩​ រាតត្បាត​វិញ ​គឺ​នៅ​ធ្លាក់​ចុះ​ប្រមាណ​ជាង ៤០​ភាគ​រយ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។