គិតមកដល់ថ្ងៃនេះ ការបំពេញតួនាទីរបស់តំណាងរាស្រ្ដឯកបក្ស ក្នុងអាណត្តិទី៦នេះ គឺជិតដល់ទីបញ្ចប់ហើយ។ ប៉ុន្តែពលរដ្ឋ និងសង្គមស៊ីវិល លើកឡើងថា តំណាងរាស្រ្ដអាណត្តិនេះ ធ្វើការផ្ដោតសំខាន់ទៅលើការពង្រឹងអំណាចរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងគណបក្សកាន់អំណាច ហើយមិនបានជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឡើយ។ ទោះយ៉ាងណាអ្នកនាំពាក្ររដ្ឋសភា ឆ្លើយតបវិញថា តំណាងរាស្ត្របច្ចុប្បន្ននេះ បានបំពេញការងារប្រកបដោយផ្លែផ្ការក្នុងការអនុម័តច្បាប់ជាច្រើន ដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ។
ប្រជាពលរដ្ឋ សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលការបោះឆ្នោត សុទ្ធតែវាយតម្លៃទាបលើការបំពេញការងាររបស់សមាជិករដ្ឋសភា។ ពួកគេថា តំណាងរាស្ត្រគួរតែធ្វើការឱ្យសកម្មជាងពេលបច្ចុប្បន្ន និងគិតគូរពីប្រយោជន៍រាស្រ្តឱ្យបានខ្ពស់ជាងប្រយោជន៍បក្ស បើមិនដូច្នេះទេ មិនគួរមានងារថា ជាតំណាងរាស្ត្រនោះទេ។
ពលរដ្ឋរងគ្រោះបញ្ហាដីធ្លី លោកស្រី ប្រាក់ សុភា បា្រប់វិទ្យុអាស៊ីសេរីថា លោកស្រីសូមវាយតម្លៃទាបចំពោះការបំពេញការងាររបស់តំណាងរាស្រ្ដនៅក្នុងអាណត្តិនេះ។ លោកស្រី ប្រាក់ សុភា ថា កន្លងមក បើទោះបីជាប្រជាពលរដ្ឋរងគ្រោះពីការរំលោភយកដីធ្លីពីអ្នកមានអំណាច និងឈ្មួញធំៗ ជាច្រើនបានធ្វើការតវ៉ា សុំអន្តរាគមន៍ពីតំណាងរាស្រ្ដកី្ដ ក៏ពួកគាត់ទាំងនោះមិនដែលអើពើជួយដោះស្រាយឡើយ។ លោកស្រីបន្ថែមថា តំណាងរាស្រ្ដទាំងនោះ ធ្វើការយកតែប្រាក់ខែរាស្រ្ដ តែមិនដែលខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ៖ «ព្រោះមិនថាសហគមន៍ខ្ញុំរងគ្រោះ មិនថាសហគមន៍ផ្សេងៗ ដែលខ្ញុំមើលឃើញទៅ គឺអត់មានតំណាងរាស្រ្ដណាគាត់ចេញអន្តរាគមន៍ទេ គឺគាត់យកតែប្រាក់ខែពីពលរដ្ឋហើយ គឺគាត់អត់ខ្វល់ហ្មងហាស»។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរីថា តំណាងរាស្រ្ដនិតិកាលទី៦នេះ ធ្វើការគ្មានប្រសិទ្ធិភាពឡើយ ព្រោះធនធានធម្មជាតិជាច្រើនកន្លែងកំពុងត្រូវបានបំផ្លាញ តែលោកមិនដែលឃើញមាន តំណាងរាស្រ្តណាម្នាក់ លើកយកបញ្ហាទាំងនោះទៅដេញដោលសួរមន្ត្រីរដ្ឋាភិបាលឡើយ។
លោក លី ចាន់ដារ៉ាវុត បន្ថែមថា សូម្បីតែបុគ្គលិកកម្មករណាហ្គាវើលដ៍ (Naga World) ដែលនៅជាប់របងរដ្ឋសភា ធ្វើកូតកម្មតវ៉ារកយុត្តិធម៌ពីថៅកែអស់រាប់ខែមកហើយក្ដី ក៏លោកមិនដែលឃើញមានតំណាងរាស្រ្ដទៅសួរសុក្ខទុក្ខ ជួយស្វែងរកដំណោះស្រាយដល់បុគ្គលិកកម្មករ ដែលកំពុងត្រដររកការជួយទាំងនោះដែរ៖ «សភាតំណាងរាស្រ្ដបច្ចុប្បន្នហ្នឹង គឺហាក់ដូចជាមិនអើពើទៅនឹងបញ្ហាសង្គមទេ បញ្ហាធនធានធម្មជាតិ បញ្ហាអំពើពុករលួយ បញ្ហាវិវាទការងារ ហាក់ដូចជានៅដាច់ឆ្ងាយពីប្រជាជន»។
ទាក់ទងបញ្ហានេះអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង អះអាងប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋសភាអាណត្តិនេះបានបំពេញការងារជាប្រក្រតី ដូចអាណត្តិមុនៗដែរ ហើយលោកច្រានចោល ការរិះគន់នានា ថាជាការលម្អៀង អគតិទៅលើតំណាងរាស្រ្ដបក្សកាន់អំណាច។ លោកបន្ថែមថា រដ្ឋសភាអាណត្តិនេះបានអនុម័តច្បាប់ជាច្រើន ដើម្បីធានាដល់ស្ថេរភាពនយោបាយ និងសន្តិភាពរបស់ប្រទេសជាតិ៖ «ច្បាប់ទាំងអស់ដែលសភាអនុម័តក្នុងនិតិកាលនេះគឺ សុទ្ធតែបម្រើដល់ផលប្រយោជន៍ជាទូទៅ របស់ប្រជាពលរដ្ឋ»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ និចហ្វិក (Nicfec) លោក សំ គន្ធាមី យល់ឃើញថា តំណាងរាស្រ្ដនៅក្នុងអាណត្តិនេះ បានចុះស្វែងយល់ពីបញ្ហានៅថ្នាក់មូលដ្ឋានតិចតួចបំផុត ហើយបើទោះបីជាប្រជាពលរដ្ឋរងគ្រោះពីការអភិវឌ្ឍ បានដាក់ញ្ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភាក្ដី ក៏តំណាងរាស្រ្ដមិនដែលបានជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋទាំងនោះឡើយ។ លោក សំ គន្ធាមី យល់ឃើញថា ច្បាប់ភាគច្រើនដែលបានអនុម័តដោយរដ្ឋសភាឯកបក្សក្នុងអាណត្តិនេះ គឺមានលក្ខណៈនយោបាយ ជាងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៖ « វិសោធនកម្មអីសព្វបែបយ៉ាងហ្នឹងណា វាមានពាក់ព័ន្ធជាមួយរឿងនយោបាយច្រើនជាងរឿងសង្គម គណបក្សកាន់អំណាចហ្នឹងគាត់ទទួលបានផលប្រយោជន៍ច្រើនជាង»។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល តែងលើកឡើងថា តំណាងរាស្រ្ដឯកបក្សដែលកើតចេញពីការបោះឆ្នោតដោយមិនយុត្តិធម៌កាលពីឆ្នាំ២០១៨ ធ្វើការដោយមិនមានប្រសិទ្ធិភាពឡើយ ព្រោះកន្លងមក កម្រឃើញមានតំណាងរាស្រ្ដហៅមន្ត្រីរដ្ឋាភិបាលមកសួរដេញដោលទាក់ទងនឹងចំណុចខ្វះខាត ឬកំហុសឆ្គងការងាររបស់រដ្ឋាភិបាលឡើយ។ ជាមួយគ្នានេះ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងអ្នកសង្កេតការណ៍ យល់ឃើញថាតំណាងរាស្រ្ដនិតិកាលទី៦នេះ បានវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងអនុម័តច្បាប់ផ្សេងៗ ដោយមិនមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ឬទទួលយកមតិពីពលរដ្ឋ និងសង្គមស៊ីវិលឡើយ។ ហើយច្បាប់មួយចំនួនមានលក្ខណៈអំណោយផលដល់ការពង្រឹងអំណាចរបស់ អ្នកដឹក នាំបច្ចុប្បន្នទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។