លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យតុលាការដែលគេដឹងថា នៅក្រោមការបញ្ជារបស់លោកឱ្យលើកកម្ពស់គុណភាពនៃការជំនុំជម្រះរឿងក្តីឱ្យបានត្រឹមត្រូវ និងមានយុត្តិធម៌។ ការលើកឡើងនេះស្របពេលលោកបញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមក្តាប់នយោបាយព្រហ្មទណ្ឌឱ្យច្បាស់ដើម្បីចាត់ការលើមន្ត្រីនិងសកម្មជនបក្សប្រឆាំង។ ប៉ុន្តែគ្រួសាររងគ្រោះដោយសារដីធ្លី និងសកម្មជននយោបាយពុំជឿថាលោក ហ៊ុន សែន មានឆន្ទៈកែទម្រង់ស្ថាប័នតុលាការសព្វថ្ងៃនេះឱ្យបំពេញការងារដោយឯករាជ្យ និងជៀសផុតពីខ្សែញាក់របស់អ្នកមានលុយមានអំណាចបានទេ។
លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ប្រព័ន្ធយុត្តិធម៌ក្រោមការដឹកនាំរបស់លោកផ្តល់ទំនុកចិត្ត ឬធ្វើឱ្យពលរដ្ឋពេញចិត្តកម្រិតណានោះទេ ប៉ុន្តែលោកអានសុន្ទរកថារដាក់រដុបដោយលើកសរសើរចំពោះការអនុវត្តការងារ និងសមិទ្ធផលដែលតុលាការគ្រប់ថ្នាក់ទាំងអស់សម្រេចបានមកដល់ពេលនេះ។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាយុត្តិកម្ម ឬសាលាយុត្តិធម៌នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៦ ខែមិថុនា លោកអះអាងថា អំណាចតុលាការបានដើរតួនាទីសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការការពារប្រឆាំងការបំពានដោយអយុត្តិធម៌នៅក្នុងសង្គម រួមទាំងធានាការថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាដើម។
លោក ហ៊ុន សែន៖ «ក្រសួងយុត្តិធម៌ក្នុងនាមតំណាងឱ្យរដ្ឋាភិបាលនៅក្នុងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺចាំបាច់ណាស់យើងត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឱ្យរឹងមាំជាពិសេសសម្រាប់ប្រទេសរបស់យើងពោពេញទៅដោយអំពើជ្រុលនិយមបន្តមានវត្តមាននៅកម្ពុជា ដូច្នេះទាមទារឱ្យរដ្ឋាភិបាលតាមរយៈក្រសួងយុត្តិធម៌ក្តាប់នយោបាយព្រហ្មទណ្ឌឱ្យច្បាស់ហើយចំណុចនេះមិនត្រូវមើលស្រាលទេ»។
ទន្ទឹមនឹងនេះលោក ហ៊ុន សែន ណែនាំឱ្យចៅក្រមដោះស្រាយវិវាទ សម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគីឱ្យបានឆាប់ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។ លោកក៏បានណែនាំតុលាការគ្រប់ជាន់ថ្នាក់ត្រូវបន្តខិតខំអនុវត្តច្បាប់ប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ គុណភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ និងប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាល។ លោក ហ៊ុន សែន ជំរុញឱ្យក្រសួងយុត្តិធម៌ពន្លឿនដំណើរការបង្កើតតុលាការពាណិជ្ជកម្ម និងតុលាការការងារឱ្យបានឆាប់ផងដែរ។
ទោះបីលោក ហ៊ុន សែន លើកឡើងបែបនេះក្តី ប៉ុន្តែប្រព័ន្ធតុលាការនៅកម្ពុជាត្រូវបានគេមើលឃើញថា ស្ថិតក្រោមការបង្គាប់បញ្ហារបស់លោក ហើយតុលាការត្រូវបានអ្នកវិភាគចាត់ទុកថាជាតុលាការតេឡេ ដោយសារចៅក្រម និងព្រះរាជអាជ្ញានៅតាមសាលាជំនុំជម្រះក្តីមួយចំនួនមានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធអំពើពុករលួយ បក្ខពួកគ្រួសារនិយម និងកាត់ក្តីលម្អៀងក្នុងសំណុំរឿងនយោបាយជាដើម។ ម្យ៉ាងវិញទៀតអ្នកឃ្លាំមើលវាយតម្លៃថា ការដែលពួកគេទទួលបានឋានៈកាន់តែខ្ពស់នោះ ព្រោះពួកគេសុទ្ធសឹងតែជាសមាជិកកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា និងមានស្នាដៃជាច្រើនជួយគណបក្សប្រជាជនកម្ពុជាឲ្យបន្តរក្សាអំណាច តាមរយៈកម្ទេចគណបក្សនិងអ្នកនយោបាយប្រឆាំង ព្រមទាំងបំបិទសំឡេងរិះគន់ដោយប្រើប្រាស់ច្បាប់ជាឧបករណ៍។
ជាក់ស្តែង លោក ឌិត មន្ទី លោក ឃឹម ប៉ុណ្ណ និងលោក ជីវ កេង ដែលជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានោះ គឺស្ថិតនៅក្នុងសមាសភាពចៅក្រម៩ រូបដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ បញ្ហានេះបានធ្វើឲ្យសហគមន៍ជាតិនិងអន្តរជាតិថ្កោលទោស និងរិះគន់ថា ជាការគាស់រំលើងប្រជាធិបតេយ្យ និងជាន់ឈ្លីប្រព័ន្ធយុត្តិធម៌កម្ពុជា។
ទាក់ទងរឿងនេះ កូនប្រុសសកម្មជនគណបក្សភ្លើងទៀនដែលកំពុងជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់លោក អ៊ុក សៅវ៉ារិន គឺលោក អ៊ុក សៅសុភារ៉ា ថ្លែងថា មកដល់ពេលនេះឪពុករបស់លោកជាប់គុករយៈពេល២ឆ្នាំដោយអយុត្តិធម៌ ដោយសារតែតុលាការគ្រប់ថ្នាក់គ្មានសុភវិនិច្ឆយនៅក្នុងសំណុំរឿងនយោបាយកន្លងមក។ លោក សុភារ៉ា ខកចិត្តចំពោះតុលាការដែលបានកាត់ក្តីឲ្យមនុស្សស្អាតស្អំជាប់ពន្ធនាគារដោយលែងគិតអំពីការប៉ះពាល់ទៅដល់អនាគត និងបង្កើតការឈឺចាប់របស់ជនរងគ្រោះដែលនាំឱ្យពលរដ្ឋទូទៅអស់ទំនុកចិត្តលើច្បាប់។
លោក អ៊ុក សៅសុភារ៉ា៖ «វាជារឿងនយោបាយសុទ្ធសាធដែលកាត់ទោសឪពុករបស់ខ្ញុំឱ្យជាប់គុក២ឆ្នាំនេះ សម្រាប់ខ្ញុំចង់ឃើញអ្នកកាន់ច្បាប់នៅស្រុកខ្មែរទាំងអស់ ឈរលើគោលការណ៍អព្យាក្រឹត្យមិនប្រកាន់បក្ខពួក អ៊ីចឹងទើបប្រពលរដ្ឋទទួលបានអយុត្តិធម៌ពិតប្រាកដ»។
ស្រដៀងគ្នានេះដែរ សហគមន៍ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា និងអ្នកមានអំណាចក៏រងអំពើអយុត្តិធម៌ពីប្រព័ន្ធតុលាការមិនឯករាជ្យនេះដែរ ដូចជាសហគមន៍ដីធ្លីនៅខេត្តកោះកុង ព្រលានយន្តហោះថ្មីខេត្តកណ្តាល និងករណីពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមោកនៅក្នុងរាជធានីភ្នំពេញជាដើម។
ផ្ទុយទៅវិញលោក ហ៊ុន សែន តែងចេញមុខអន្តរាគមន៍ជួយមនុស្សនៅក្បែរ ឬអ្នកធ្វើការងារបម្រើផលប្រយោជន៍ក្រុមគ្រួសាររបស់លោកនោះ។ ថ្មីៗនេះលោកបានចេញមុខធានាឱ្យអាជ្ញាធរដោះលែងអ្នកអត្ថាធិប្បាយព័ត៌មានអន្តរជាតិនៅទូរទស្សន៍បាយ័នរបស់កូនស្រីលោក គឺអ្នកស្រី ហ៊ុន ម៉ាណា ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់រឿងលក់ដីខ្យល់ តម្លៃប្រមាណ៣៦លានដុល្លារ។ ករណីមួយទៀតនេះ លោក ហ៊ុន សែន បានបញ្ជាឱ្យចាប់ខ្លួនអ្នកស្រី សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលមានទំនាស់ដីធ្លីជាមួយប្អូនស្រីរបស់លោកគឺអ្នកស្រី ហ៊ុន ប៊ុនធឿន។ ដោយសារសុទ្ធតែគ្នាឯងដូច្នេះហើយលោក ហ៊ុន សែន បានលុបចោលការចាប់ខ្លួនវិញ ក្រោយអ្នកស្រី សៀង ចាន់ហេង ព្រមប្រគល់ដីឱ្យប្អូនស្រីពៅរបស់លោក ក្រោមការសម្របសម្រួលដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី។
ចំណែកព្រឹត្តិការណ៍នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះវិញ លោក ហ៊ុន សែន បានបញ្ជាឱ្យតុលាការលើកលែងបទចោទប្រកាន់ និងដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្សបន្ទាប់ពីពួកគេសុំទោសលោក និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែន ករុណា មានប្រសាសន៍ថា មតិជាតិនិងអន្តរជាតិតែងតែរិះគន់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបង្កើតច្បាប់កន្លងមកដែលមិនបានឆ្លងកាត់ការពិភាក្សាឱ្យបានត្រឹមត្រូវ។ លោកមើលឃើញថា ការអនុវត្តច្បាប់ជាក់ស្តែងវិញមិនឆ្លុះបញ្ចាំងពីឯករាជ្យភាព និងអព្យាក្រឹតភាពឱ្យដូចនឹងគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ ហើយបញ្ហាទាំងនេះធ្វើឱ្យពលរដ្ឋភ័យខ្លាច និងលែងជឿទុកចិត្តលើស្ថាប័នតុលាការថា នឹងផ្តល់យុត្តិធម៌ដល់ពួកគេដែលគ្មានលុយគ្មានអំណាច ស្របពេលការប្រើប្រាស់ប្រព័ន្ធតុលាការបង្ក្រាបលើសកម្មជននយោបាយ សិទ្ធិមនុស្ស និងសកម្មជនដីធ្លីនៅតែកើតមានឡើង។ មន្ត្រីសិទ្ធិមនុស្សរូបនេះអំពាវនាវសុំឲ្យរដ្ឋាភិបាលពង្រឹងប្រព័ន្ធយុត្តិធម៌បន្ថែមទៀត។
លោក ស៊ឹង សែនករុណា៖ «បើសិនប្រព័ន្ធតុលាការឯករាជ្យ គឺខ្ញុំជឿជាក់ថា បញ្ហាយុត្តិធម៌សង្គមក៏គេ(ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ)ឱ្យតម្លៃទៅតាមហ្នឹងដែរ ដោយគេមិនបានទៅរិះគន់ធ្វើអ្វីទេ ផ្ទុយទៅវិញគេមានតែសាទរ ហើយបើសិនជា(ប្រព័ន្ធយុត្តិធម៌)មិនល្អប្រសើរទេចង់មិនចង់គឺប៉ះពាល់ដល់ប្រព័ន្ធតុលាការខ្លួនឯងផង ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិផង នៅពេលឮថាប្រព័ន្ធតុលាការកម្ពុជា តើអន្តរជាតិមានជំនឿរបៀបម៉េចទៅបាទ»។
កាលពីឆ្នាំ២០២២ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍មួយស្ដីពីសន្ទស្សន៍នៃការគោរពនីតិរដ្ឋ ដោយបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅជិតបាតតារាង គឺជាប់លេខ១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមានកេរ្តិ៍ឈ្មោះអសោចខាងការមិនគោរពសិទ្ធិមនុស្ស និងរំលោភប្រព័ន្ធនីតិរដ្ឋ។ របាយការណ៍នេះបញ្ជាក់ថា ចំណាត់ថ្នាក់អាក្រក់នេះដោយសារតែមានការជ្រៀតជ្រែកពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។