មេធាវីការពារក្ដីឱ្យសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី គឺលោក សំ ទិត្យសីហា ស្នើសុំឱ្យតុលាការកំពូលពន្លឿនសវនាការសំណុំរឿងកូនក្តីរបស់លោក ដើម្បីឱ្យគាត់ឆាប់បានទទួលយុត្តិធម៌។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមេធាវីបានប្តឹងទាស់ការផ្តន្ទាទោសលោក រ៉ាត់ រត្នមុនី រយៈពេល២ សប្តាហ៍មកហើយ ប៉ុន្តែមិនទាន់មានការការវិវឌ្ឍណាមួយនៅឡើយទេទាក់ទងនឹងសំណុំរឿងនេះ។
មេធាវី សំ ទិត្យសីហា ថ្លែងថា ទោះបីជាគ្មានការកំណត់ក្នុងច្បាប់អំពីរយៈពេលដែលតុលាការត្រូវបើកសវនាការក្រោយទទួលបានបណ្ដឹងសាទុក្ខក្ដី ក៏តាមគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស តុលាការកំពូលត្រូវតែពន្លឿនសំណុំរឿងនេះ ព្រោះកូនក្តីរបស់លោកបានជាប់ឃុំដោយអយុត្តិធម៌អស់រយៈពេលជាង ១ឆ្នាំ មកហើយ៖ «តុលាការគាត់ត្រូវពិចារណា និងគិតសំខាន់បំផុតទាក់ទងទៅនឹងផលប្រយោជន៍ជនជាប់ចោទ ដូចមានចែងក្នុងមាត្រា ៣៨ ( រដ្ឋធម្មនុញ្ញ ) និងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស គឺត្រូវតែបញ្ជូនជនជាប់ចោទហ្នឹងទៅឱ្យលឿន ដើម្បីឱ្យគាត់ទទួលបានយុត្តិធម៌ ឬក៏សវនាការដេញដោលចំពោះមុខដើម្បីផលប្រយោជន៍គាត់»។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដោយសារលោកបានជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជាក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT របស់រុស្ស៊ី។ ក្រៅពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជិតស្មើនឹងកម្រិតទោសអតិបរមាហើយនោះ លោកត្រូវបង់សំណងឱ្យដើមបណ្តឹងចំនួនជិត ២ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមអំណាចសាលក្រមតុលាការក្រុងភ្នំពេញ។ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្ដន្ទាទោសនេះទុកជាបានការដដែល ទោះជាសវនាការធ្វើឡើងដោយគ្មានវត្តមានដើមបណ្តឹង និងអ្នកពាក់ព័ន្ធយ៉ាងណាក្តី។
វិធានការរបស់តុលាការនេះ ធ្វើឡើងតាមការចង់បានរបស់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ដែលចោទលោកថា បានប្រឌិតសាច់រឿងនៅក្នុងភាពយន្តឯកសារនោះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងមុខមាត់របស់ជាតិ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ដើម្បីសាកសួរអំពីសវនាការសំណុំរឿងលោក រ៉ាត់ រត្នមុនី បានទេ នៅថ្ងៃទី៣០ ធ្នូ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត រំពឹងថា តុលាការកំពូលនឹងលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី ហើយដោះលែងសកម្មជនសិទ្ធិការងាររូបនេះឱ្យមានសេរីភាពវិញ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាន។ ជាមួយគ្នានេះ លោកស្នើឱ្យអាជ្ញាធរកម្ពុជាប្រឹងប្រែងទប់ស្កាត់អំពើជួញដូរមនុស្ស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកហ៊ានលាតត្រដាងអំពីបញ្ហានេះ៖ «ដើម្បីបន្ធូរបន្ថយ ដើម្បីជាយុត្តិធម៌ ហើយដើម្បីជាការមួយតាំងចិត្តក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរមនុស្សនោះ ខ្ញុំនៅតែសង្ឃឹមថា តុលាការកំពូលនឹងទម្លាក់ចោលបទចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី នេះ»។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចាត់ទុកករណីនេះថា ជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន និងការងាររាយការណ៍ព័ត៌មានពិតជូនសាធារណជន។ ពួកគេបានទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី និងអ្នកសារព័ត៌មានមួយចំនួនទៀត ដែលជាប់ចោទក្នុងយុទ្ធនាការបង្ក្រាប និងគាបសង្កត់លើសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។