កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងខេត្តប៉ៃលិនបានស្រាវជ្រាវចាប់ជនសង្ស័យជនជាតិចិន (China) ចំនួន ៥នាក់ និងខ្មែរ ២នាក់ពាក់ព័ន្ធនឹងករណីធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់កាលពីខែសីហា។ មន្ត្រីសិទ្ធិមនុស្សស្វាគមន៍លើការនេះ និងចាត់ទុកការធ្វើរបាយការណ៍មិនប្រក្រតីរបស់ប៉ូលិសខេត្តប៉ៃលិន ដែលថា ជនរងគ្រោះស្លាប់ដោយខ្លួនឯងនោះ គឺមានចេតនា បិទបាំងការពិត និងសម្រួលឱ្យជនដៃដល់រួចផុតពីសំណាញ់ច្បាប់។
កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសាកសួរជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធនឹងករណីជនជាតិចិនម្នាក់ស្លាប់នៅខេត្តប៉ៃលិន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងកំពុងបញ្ជូនពួកគេទៅតុលាការខេត្តប៉ៃលិន។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹម សុខខឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែតុលាថា ក្រោយសាកសួរជនសង្ស័យ មានមនុស្សមួយចំនួនទៀតដែលពាក់ព័ន្ធកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។
លោក ឆាយ គឹម សុខខឿន៖«មកដល់ពេលនេះ យើងធ្វើការស៊ើបអង្កេតឃាតខ្លួន ៧នាក់ ជនជាតិចិន ៥នាក់ និងខ្មែរជាអ្នកការពារនៅទីតាំង ២នាក់ ដើម្បីយកមកសួរបំភ្លឺ។ ចំពោះបញ្ហាផ្សេងទៀត យើងទាន់អាចបញ្ជាក់បានទេ ដោយសារតែស្ថិតក្នុងការស្រាវជ្រាវ និងសួរបញ្ជាក់ នៅមានអ្នកដែលយើងត្រូវតាមចាប់ទៀត តែផ្អែកទៅលើការសួរចម្លើយ សួរបំភ្លឺ ពីអ្នកដែលយើងឃាត់ខ្លួនសិន ឥឡូវនៅក្នុងនីតិវិធីរបស់យើង អត់ទាន់បញ្ជាក់ច្បាស់លាស់អីបានទេ»។
ចំណែកស្នងការរងទទួលបន្ទុលផែនការនគរបាលព្រហ្មទណ្ឌខេត្តប៉ៃលិន លោក ស្រី សាម៉ុន ឱ្យវិទ្យុអាស៊ីសេរីដឹងដែរថា កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃកំពុងដឹកជនសង្ស័យទាំង ៧នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនហើយ នៅថ្ងៃទី១៦ ខែតុលា ហើយលោកក៏កំពុងរៀបចំសំណុំរឿងនេះ ដើម្បីបញ្ជូនពួកគេទៅតុលាការដែរ។ ស្នងការរងខេត្តរូបនេះបញ្ជាក់ទៀតថា ជនរងគ្រោះជនជាតិចិនឈ្មោះ ស៊ូ ជុនហ័រ (Zhou Chunhua) គឺពិតជាស្លាប់ដោយសារតែរងនូវអំពើទារុណកម្មធ្ងន់ធ្ងរកាលពីអំឡុងខែសីហា។
លោក ស្រី សាម៉ុន៖«ខ្ញុំដឹកនាំក្រុមកោសល្យវិច័យមាននាយការិយាល័យកោសល្យវិច័យកម្លាំងបច្ចេកទេស គ្រូពេទ្យជំនាញកោសល្យវិច័យ និងអយ្យការទៅពិនិត្យ និងឃើញស្នាមស្នាម និងពិនិត្យរបួសស្នាមការធ្វើទារុណកម្មនេះ យើងបានកំណត់ថា ស្លាប់ដោយករណីបណ្ដាលឱ្យធ្ងន់ធ្ងរ និងត្រូវរបួស។ ចំណែកការណ៍ ដែលយើងសង្ស័យគឺ យើងបាននាំខ្មែរ ៤នាក់ និងចិនមកម្នាក់មកសួរនាំប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានស្នងការរងជំនួយការដឹកនាំដោយ ឌិត ជិន និងមេការិយាល័យឈ្មោះ មាស សុផុន ជាអ្នកសួរនាំ»។

ជនរងគ្រោះជនជាតិចិនឈ្មោះ ស៊ូ ជុនហ័រ (Zhou Chunhua) ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណជាបុគ្គលិកបម្រើការងារនៅអគារកាស៊ីណូ ញូវ ហ្វ័រធូណា (New Fortuna Casino) ស្ថិតនៅច្រកអន្តរជាតិផ្សារព្រំខេត្តប៉ៃលិន ដែលជាតំបន់រងការចោទប្រកាន់ថា សម្បូរទៅដោយអគារ និងបនល្បែងកាស៊ីណូបង្ខាំងមនុស្សបង្ខំឱ្យបុគ្គលិកបម្រើការងារឆបោកតាមអនឡាញ (Online)។ ជនជាតិចិនរូបនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញស្លាប់នៅក្នុងរថយន្តនៅតំបន់ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីថ្ងៃទី១៧ ខែសីហា ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយអំពើធ្វើទារុណកម្មធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក្ដី កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដឹកនាំដោយស្នងការនគរបាល លោក សេង សុគន្ធ បានកសាងសំណុំរឿងនេះ ដោយបញ្ជាក់ប្រាប់តុលាការថា ជនរងគ្រោះស្លាប់ដោយខ្លួនឯងនៅក្នុងបន្ទប់ ដោយសារតែមិនបានហូបអាហារជាច្រើនថ្ងៃ។
លោក ឆាយ គឹមខឿន មិនបានបញ្ជាក់អំពីចំណាត់ការស៊ើបអង្កេតស្នងការនគរបាលខេត្តប៉ៃលិន លោក សេង សុគន្ធ និងកម្លាំងជំនាញផ្សេងទៀត ដែលកសាងសំណុំរឿងទៅតុលាការបែបនេះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ករណីនេះ មិនទាន់បិទការស៊ើបអង្កេតនៅឡើយ។
អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ដែលបានតាមដានរឿងនេះ សន្និដ្ឋានថា ជនជាតិចិនម្នាក់ ដែលបានស្លាប់ គឺមិនបានស្លាប់ដោយខ្លួនឯងនោះទេ គឺជនរងគ្រោះអាចស្លាប់ដោយសារការធ្វើទារុណកម្ម ហើយជនដៃដល់អាចដឹកជនរងគ្រោះទៅទម្លាក់ចោលនៅកន្លែងផ្សេងទៀត។ លោកយល់ថា ការណ៍ដែលក្រុមមេការកាស៊ីណូ ញូវ ហ្វ័រធូណា ដឹកជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រឿងជំពាក់លុយ នៅចំពោះមុខកងរាជអាវុធហត្ថខេត្តប៉ៃលិន នៅមុនពេលជនរងគ្រោះស្លាប់នោះ អាចគ្រាន់តែជាល្បិចកលរបស់ជនដៃដល់ ដើម្បីបង្វែងដានដាក់បន្ទុកតែប៉ុណ្ណោះ។
លោក អ៊ិន គង់ជិត៖«ចំណុច ដែលស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនលោកធ្វើរបាយការណ៍មិនប្រក្រតីនេះ ក្នុងគោលបំណងចង់ឱ្យមានអ្នក ដែលពាក់ព័ន្ធ ដែលជាជនជាតិចិន រួចផុតពីសំណាញ់ច្បាប់ គឺចង់ទម្លាក់ និងដាក់បន្ទុកដល់ជនរងគ្រោះខ្លួនឯងផ្ទាល់។ អ៊ីចឹង ជនសង្ស័យ ឬជនពាក់ព័ន្ធទាំងឡាយមិនត្រូវបានចោទប្រកាន់តាមផ្លូវច្បាប់ គឺរួចខ្លួន។ មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់សុទ្ធតែបានស្បថមុននឹងចូលប្រកបវិជ្ជាជីវៈ ឬកាន់មុខតំណែងនគរបាលយុត្តិធម៌ សុទ្ធតែបានស្បថនៅសាលាឧទ្ធរណ៍។ ការស្បថ គឺតម្រូវឱ្យមន្ត្រីនគរបាលបំពេញការងារប្រកបដោយវិជ្ជាជីវៈស្មោះត្រង់ ត្រូវតែគិតគោលការណ៍យុត្តិធម៌ជាចម្បង ស្វែងរក ស៊ើបអង្កេតដឹងការពិត គឺត្រូវតែនិយាយការពិត មិនមែនរឿងត្រូវធ្វើស ឱ្យទៅជាខ្មៅ ឬខ្មៅឱ្យទៅជាសនោះទេ»។
លោក អ៊ិន គង់ជិត រំពឹងថា សមត្ថកិច្ចនឹងបន្តស្វែងរកអ្នកដែលពាក់ព័ន្ធ និងជនដៃដល់ផ្សេងទៀត ដើម្បីយកមកអនុវត្តទោសតាមផ្លូវច្បាប់។ លោកចាត់ទុកចំណាត់ការរបស់កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស៊ើបអង្កេតករណីជនជាតិចិនស្លាប់នៅខេត្តប៉ៃលិននេះ ជាសញ្ញាវិជ្ជមានមួយ ដើម្បីស្វែងរកការពិតជូនជនរងគ្រោះ និងស្នើដល់កងកម្លាំងនគរបាលជាតិឱ្យចាត់វិធានការម៉ឺងម៉ាត់ដូចគ្នានេះ ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជន ដែលកំពុងសម្ងំធ្វើប្រតិបត្តិការក្នុងឧស្សាហកម្មឆបោកតាមអនឡាញនៅខេត្តប៉ៃលិន និងនៅតាមបណ្ដាខេត្តផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។