អ្នកភូមិចំនួន ៣នាក់ បានរងការចាប់ចង និងវាយដំយ៉ាងដំណំពីមន្ត្រី និងអ្នកយាមការពារក្រុមហ៊ុនភាពីម៉ិច នៅល្ងាចថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីគាត់បានអាររំលំឈើច្បោះមួយដើមដែលគាត់ធ្លាប់អាស្រ័យផលតាំងពីដើមរៀងមក។
ប្រជាពលរដ្ឋរងគ្រោះឈ្មោះ ធួង ថន ជាគ្រូបង្រៀននៅអនុវិទ្យាល័យកោះរំដួល បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៣០ ខែធ្នូថា គាត់ត្រូវបានមន្ត្រីក្រុមហ៊ុនភាពីម៉ិច ចំនួន ៣នាក់ ដែលក្នុងនោះមានម្នាក់ជាជនជាតិចិន បានព្រួតគ្នាវាយដំគាត់នៅពេលដែលគាត់បានបើកគោយន្តដឹកឈើ ដែលគាត់កាប់ពីក្នុងព្រៃដើម្បីយកទៅធ្វើផ្ទះ។
គាត់បញ្ជាក់ពីសកម្មភាពដែលមន្ត្រីក្រុមហ៊ុនភាពីម៉ិច បានប្រព្រឹត្តមកលើគាត់នោះថា ៖ «វាសង្កត់ខ្ញុំទាំង ៣នាក់ហ្នឹង ញីទៅហ្នឹងដី រួចវាឲ្យខ្ញុំងើបឈរឡើង ហើយអាមួយចិននោះ វាច្របាច់កខ្ញុំផ្ងើយទៅលើ រួចវាឲ្យខ្មែរ ២នាក់នោះស្រាយក្រមាពីចង្កេះមកចងរឹតកខ្ញុំចង់ផុតដង្ហើម។ មិនអស់ចិត្តទៀត វាយកខ្សែគោចងពីលើមួយជាន់ទៀត ខ្ញុំភ័យមែនទែន»។
ចំណែកប្រជាពលរដ្ឋរងគ្រោះម្នាក់ទៀតឈ្មោះ ភិក ធាន រៀបរាប់ពីសកម្មភាពដែលមន្ត្រីក្រុមហ៊ុនភាពីម៉ិច បានប្រព្រឹត្តមកលើគាត់ និងអ្នកភូមិម្នាក់ទៀតឈ្មោះ លីន ស៊ីណា ដែលកំពុងកាប់ឈើនោះថា ៖ «ខ្ញុំទៅកាប់ដើមរណ្ដៅជ័រ... ខ្ញុំយកមកធ្វើផ្ទះហ្នឹងណា!។ វាទៅដល់វាអត់មានសួរនាំអីទាំងអស់ វាចាប់វ៉ៃតែម្តង ម្នាក់ទៀតដែលទៅជាមួយខ្ញុំនោះវាយកខ្សែគោទៅចងស្លាបសេករួចវាយ»។
ប្រជាពលរដ្ឋទាំង ៣រូបនេះ ក៏បានឲ្យដឹងដែរថា បន្ទាប់ពីបានវាយដំពួកគាត់អស់ចិត្តហើយ គេក៏ទូរស័ព្ទហៅកម្លាំងប៉េអឹម ឲ្យមកនាំខ្លួនពួកគាត់ទៅកាន់ការដ្ឋានធំរបស់ក្រុមហ៊ុនដែលនៅទីនោះ មានកម្លាំងប្រដាប់អាវុធជាច្រើននាក់នៅយាមការពារគ្រឿងចក្ររបស់ក្រុមហ៊ុន ហើយបន្ទាប់មកពួកគាត់ត្រូវបានអាជ្ញាធរដែនដីជួយធ្វើអន្តរាគមន៍ ទើបក្រុមហ៊ុនព្រមដោះលែងពួកគាត់នៅវេលាម៉ោងប្រមាណ ៩ និង ៣០នាទីយប់ថ្ងៃទី២៩ ខែធ្នូ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនភាពីម៉ិច គឺលោក ទី គឹមតុក បានទេ នៅល្ងាចថ្ងៃទី៣០ ខែធ្នូនេះ ដោយទូរស័ព្ទលោករោទ៍ ប៉ុន្តែពុំមានអ្នកទទួល។
មេឃុំអន្សាចំបក់ លោក ឡាញ់ ស៊ីធន មានប្រសាសន៍ថា លោកពុំបានដឹងលម្អិតអំពីមូលហេតុនៃការចាប់ចងវាយដំនេះទេ លោកជំរុញឲ្យសួរទៅអាជ្ញាធរប៉ូលិស ៖ «រឿងនេះប៉ូលិសគេយកទៅអង្កេតការ។ លោកទាក់ទងទៅខាងប៉ូលិស ព្រោះបញ្ហាវាយដំអីហ្នឹងគឺខាងប៉ូលិសគេត្រូវធ្វើកំណត់ហេតុ»។
អធិការនគរបាលស្រុកក្រគរ លោក លែន សុង មានប្រសាសន៍ថា លោកពុំទាន់ទទួលបានពាក្យចំពោះបញ្ហានេះពីប្រជាពលរដ្ឋនៅឡើយ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អេង ឈុនហាន មានប្រសាសន៍ថា លោកពុំទាន់បានទៅធ្វើការអង្កេតករណីនេះនៅឡើយ។ លោកថា ប្រសិនបើការរៀបរាប់របស់អ្នកភូមិជាការពិតនោះ អំពើប្រព្រឹត្តរបស់មន្ត្រីក្រុមហ៊ុនគឺជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្តត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕