ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​វិធានការ​ច្បាប់​ចំពោះ​អ្នក​នាំចូល​សាច់​បង្កក​ខូចគុណភាព

0:00 / 0:00

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ អ្នក​នាំចូល​សាច់​បង្កក​ខូចគុណភាព​ចូល​ទីផ្សារ​ក្នុងស្រុក​ខ្មែរ​ដើម្បី​ធានា​ការពារ​សុខមាលភាព​ប្រជាជន ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​កំពង់ស្ពឺ បាន​ដកហូត​សាច់​បង្កក​ខូចគុណភាព​ជាង ៦​តោន ដែល​ដឹកនាំ​ចេញ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១២ ខែ​សីហា។

ពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​ពី​សុខភាព ដោយសារតែ ការ​បរិភោគ​ចំណីអាហារ ពុំ​សូវ​មានគុណ​ភាពល្អ ជាពិសេស ប្រភេទ​សាច់​បង្កក ដែល​នាំចូល​ពី​ប្រទេសជិតខាង ដូចជា វៀតណាម និង​ថៃ​ជាដើម​។​ពួកគាត់ ជំរុញ​ឱ្យ អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​ចាត់វិធានការ តឹងរ៉ឹង​លើ​ជន​ណា​ដែល ជួញដូរ​សាច់​បង្កក់​គ្មាន​គុណភាព លក់​នៅ​លើ​ទីផ្សារ​។​

ពលរដ្ឋ​រស់នៅ​ភ្នំពេញ លោក ឆន ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែសីហា ថា លោក​ព្រួយបារម្ភ​ខ្លាំង ពី​បញ្ហា​សាច់​បង្កក​ដែល​គ្មាន​គុណភាព ដែល​នៅតែ​ហូរ​ចូលក្នុង​ទីផ្សារ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ឱ្យ​បាន​ត្រឹមត្រូវ​។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ ក៏​នៅ​ពុំ​ទាន់​ចាប់ខ្លួន អ្នក​នាំចូល​សាច់​បង្កក់ គ្មាន​គុណភាព​ទាំងនោះ មក​ផ្ដន្ទាទោស ចំពោះមុខ​ច្បាប់​នៅឡើយ។

មន្ត្រី​គយ និង​រដ្ឋាករ ខេត្ត​កំពង់ស្ពឺ បាន​ដកហូត​សាច់​បង្កក់​ចម្រុះ ខូចគុណភាព​ជាង ៦​តោន (៦.១៩៩ គីឡូក្រាម ) នៅ​ថ្ងៃទី​១២ ខែ​សីហា ក្រោយពី​ឡាន​ដឹក​សាច់​បង្កក់​មួយ​នេះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​បណ្ដាល​ឱ្យ​សាច់​បង្កក់​ជាច្រើន​រាយប៉ាយ អំឡុង​ពេល​ធ្វើដំណើរ ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ពុំ​បាន​បង្ហាញ​អត្តសញ្ញាណ​ឈ្មួញ​នាំចូល​សាច់​បង្កក់​នេះនោះ​ទេ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៣ ខែ​សីហា។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​អ្នក​ចិញ្ចឹមសត្វ លោក ជួប វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​បង្ក្រាប​សាច់​បង្កក​ខុសច្បាប់​នេះ​គឺជា​ចំណែក​តូច​ប៉ុណ្ណោះ​។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​អ្នក​នាំចូល​សាច់​បង្កក​ទ្រង់ទ្រាយ​ធំ ពីព្រោះ​ការអនុវត្ត​ច្បាប់​តែ​ទៅលើ​អាជីវករ​តូចតាច​មិនអាច​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​ខុសច្បាប់​បាន​ឡើយ។

កាលពី​ថ្ងៃទី​២៤ ខែ​តុលា កន្លង​ទៅ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២៣​កន្លងទៅ អាជ្ញាធរ បាន​រឹបអូស​សាច់​បង្កក​ចម្រុះ​ខូចគុណភាព មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​មេរោគ​ចម្លង បាន​ជិត ២​ពាន់​តោន ដែល​ចំនួន​នេះ​មានការ​កើនឡើង ១៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។