ក្រសួង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ប្រភេទ​អូមីក្រុង ៣៥៦​​នាក់​ថ្មី​ទៀត

ក្រសួង​សុខាភិបាល​ រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ៣៥៦ករណី​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​មេរោគ អូមីក្រុង (Omicron) ក្នុង​នោះ ១៤នាក់ ជា​ករណី​នាំ​ចូល និង ៣៤២នាក់​ទៀត​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ នេះ​គឺ​ជា​លទ្ធផល ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍ ភី.ស៊ី.អា (PCR)។

នៅ​ថ្ងៃ​ដដែល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក និង​ចេញ​ធ្វើ​ការ​ឡើង​វិញ​ដូច​ធម្មតា បន្ទាប់​ពី​ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ-១៩។ កាល​ពី​ថ្ងៃ​ទី២៥ ខែកុម្ភៈ កន្លងទៅ លោក ហ៊ុន សែន បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក(Facebook)ផ្លូវ​ការ​របស់​ខ្លួន​ថា លោក ​ធ្វើ​ចត្តាឡីស័ក​មួយ​រយៈពេល​ខ្លី ដោយ​សារ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ១៩។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៨ កុម្ភៈ​ កម្ពុជា​ មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១៣ម៉ឺន​នាក់ (១៣០.២៧៦) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១២ម៉ឺន​នាក់ (១២៣.៧៧២) និង​អ្នក​ស្លាប់​មាន​ចំនួន ៣.០៣២នាក់។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ ក្រសួង​សុខាភិបាល ​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២៧ កុម្ភៈ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ជាង ១៣លាន ៨សែន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ប្រមាណ ១៤លាន​នាក់ ដែល​រាប់​ពី​កុមារ​អាយុ​ចាប់​ពី ៥ឆ្នាំ​រហូត​ដល់​មនុស្ស​ពេញវ័យ។ រីឯ​ដូស​ជំរុញ​ទី៣ និង​ទី៤ វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​សរុប​ជាង ៧លាន ៩សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។