អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តកំពង់ចាម បានចាប់ឃាត់រថយន្តដឹកជ្រូកមួយគ្រឿងពីប្រទេសវៀតណាម កាលពីថ្ងៃទី១៦ ខែឧសភា ដោយសង្ស័យថា មានជំងឺប៉េស្តជ្រូក អាហ្វ្រិក (African Swine Fever)។
កាសែតក្នុងស្រុកចុះផ្សាយនៅថ្ងៃនេះថា សមត្ថកិច្ចបានឃាត់ទុករថយន្តនិងសត្វជ្រូកចំនួន១៨ក្បាលនេះ នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម។ សមត្ថកិច្ច កំពុងរង់ចាំលទ្ធផលធ្វើកោសល្យវិច័យ ពីវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាល។
អាស៊ីសេរី មិនអាចទាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តកំពង់ចាម ដើម្បីបញ្ជាក់ពីបញ្ហានេះ បាននៅឡើយទេ។
ប៉ុន្តែក្រសួងកសិកម្មធ្លាប់ទទួលស្គាល់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) បានផ្ទុះឡើងដំបូង កាលពីពាក់កណ្ដាលខែមីនា ក្នុងស្រុកអូរយាដាវ ខេត្តរតនគិរី ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ ខេត្តយ៉ាឡាយ របស់ប្រទេសវៀតណាម។ ទោះយ៉ាងនេះក្តី ក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ នៅមិនទាន់បញ្ជាក់ថា តើករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បង្កឡើងដោយការបណ្ដែតបណ្ដោយឱ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាមនោះទេ។ ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានណា ថាជំងឺជ្រូកនេះ រាលដាលទៅខេត្តផ្សេងទៀតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។