សាលាក្ដី​ខ្មែរក្រហម​តែងតាំង​ចៅក្រម​អន្តរជាតិ​ថ្មី​នៃ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ជំនួស​ចៅក្រម​ចាស់

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ឬ​សាលាក្ដី​ខ្មែរក្រហម​តែងតាំង​ចៅក្រម​អន្តរជាតិ​ថ្មី​នៃ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ជំនួស​ចៅក្រម​ចាស់ ដែល​លាឈប់។

អ្នកស្រី Katrien Gabriël WITTLEMAN ជនជាតិ​ហូឡង់ (Netherlands) ចូល​មក​កាន់​តំណែង​ជា​ចៅក្រម​អន្តរជាតិ នៃ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ជំនួស​ចៅក្រម Maureen Harding CLARK ជនជាតិ​អៀរឡង់ ដែល​បាន​លាឈប់​ពីមុខ​តំណែង​ក្នុង​ខែកញ្ញា ឆ្នាំ​២០២២​។ ជាមួយ​គ្នា​នេះ​លោក Motoo NOGUCHI (​ជនជាតិ​ជប៉ុន​) ចូលកាន់​តំណែង​ជា​ចៅក្រម​អន្តរជាតិ​បម្រុង​នៃ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ជំនួស​ចៅក្រម​បម្រុង RAPOZA បន្ទាប់​ការ​លាឈប់​ពីមុខ​តំណែង​របស់​គាត់​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៤។ ។ ចំណែក​ចៅក្រម​បម្រុង Philip RAPOZA ជនជាតិ​អាមេរិក ចូល​ទៅ​កាន់​តំណែង​ជា​ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ដែរ។

អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ត្រូវ​មាន​សមាសភាព​ចៅក្រម​ខ្មែរ ៤​រូប ចៅក្រម​អន្តរជាតិ​បី​រូប និង​ចៅក្រម​បម្រុង។

បន្ទាប់ពី​បញ្ចប់​ដំណើរការ​កាត់ក្តី​របស់​ខ្លួន​អ.វ.ត.ក បាន​ចាប់ផ្តើម​មុខងារ​សេសសល់​នៅ​ខែមករា ឆ្នាំ​២០២៣ សម្រាប់​រយៈពេល​បី​ឆ្នាំ​ដំបូង ស្របតាម​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​នឹង​កិច្ចព្រមព្រៀង​រវាង អ.ស.ប និង​រាជរដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​អ.វ.ត.ក។ យោង​តាម​កិច្ចព្រមព្រៀង​បន្ថែម​នេះ ចៅក្រម​ជាតិ និង​អន្តរជាតិ សហ​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ សហ​មេធាវី​នាំមុខ​តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជាតិ និង​អន្តរជាតិ បំពេញការងារ​ពី​ចម្ងាយ លើកលែងតែ​នៅ​ពេល​ដែល​មុខងារ​របស់​ខ្លួន​តម្រូវ​ឱ្យ​មាន​វត្តមាន​ផ្ទាល់​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។