អ្នកឆ្លងកាត់របបខ្មែរក្រហម បន្តរំឭកការឈឺចាប់ពីការបែកបាក់គ្រួសារ និងការកាប់សម្លាប់មនុស្ស កាលពី៤៧ឆ្នាំមុន នៃព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី នៅពេលកងទ័ពកុម្មុយនិស្តខ្មែរក្រហម វាយលុកចូលទៅក្រុងភ្នំពេញ ផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ របស់សេនាប្រមុខ លន់ នល់។ អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហមរំឭកថា ពួកគាត់ចងចាំមិនភ្លេចទេ អំពីរឿងរ៉ាវអតីតកាលដ៏ឈឺចាប់ និងអំពាវនាវឱ្យអ្នកនយោបាយ និងអ្នកដឹកនាំប្រទេសបច្ចុប្បន្ន កុំចាត់ទុកខ្មែរដូចគ្នាជាសត្រូវ ហើយត្រូវរួបរួម ឯកភាពជាតិ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រអាក្រក់មួយនេះ កើតឡើងម្តងទៀត។
កាលពី ៤៧ឆ្នាំមុន ក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាពេលវេលាចលាចលខ្លាំងបំផុត ដោយសារកងទ័ពកុម្មុយនិស្តខ្មែរក្រហមបានវាយលុកចូលដល់ក្រុងភ្នំពេញ។ ភ្លាមៗ ក្រុមខ្មែរក្រហមបានបង្កើតរបបដឹកនាំថ្មីមួយដោយដាក់ឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ។ ពលរដ្ឋខ្លះនៅតែចងចាំព្រឹត្តិការណ៍នោះដដែល ទោះបីជាវាបានកន្លងហួសទៅរយៈពេលជាង៤ ទសវត្សរ៍ទៅហើយក្តី មូលហេតុ គឺដោយសារព្រឹត្តិការណ៍នោះជារបត់នយោបាយដ៏សំខាន់ ដែលនាំឱ្យទៅរកការកាប់សម្លាប់ និងការបាត់បង់ជីវិតពលរដ្ឋខ្មែររាប់លាននាក់។
អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាភិបាលគណបក្សសង្គ្រោះជាតិក្រៅប្រទេស លោក លី សុខា ថ្លែងថា ទោះបីព្រឹត្តិការណ៍ក្រុងភ្នំពេញបានធ្លាក់ក្នុងកណ្តាប់ដៃកងទ័ពកុម្មុយនិស្តខ្មែរក្រហមកន្លងផុតទៅរយៈ ៤៧ឆ្នាំ ក៏ដោយ ក៏លោកនៅតែនឹកឃើញរឿងរ៉ាវដែលមិនអាចបំភ្លេចនូវទុក្ខវេទនា ការបែកបាក់គ្រួសារ និងការឈឺចាប់ទាំងនោះបានទេ។ លោកថាកាលថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកមានអាយុ ១៤ឆ្នាំ ពេលនោះគ្រួសាររបស់លោករស់នៅខាងកើតផ្សារអូរឫស្សី ក្រុងភ្នំពេញ ដោយលោកបានឃើញក្រុមទាហានបាក់ទ័ព និងពលរដ្ឋភាគច្រើនលើទង់ជ័យសពាសពេញក្រុង ដោយគិតថា កងទ័ពសាធារណរដ្ឋខ្មែរ និងកងទ័ពខ្មែរក្រហមអាចចរចាបញ្ចប់សង្គ្រោមនាំមកនូវសេចក្តីសុខសាន្តត្រាណជូនពលរដ្ឋ។
លោករៀបរាប់បន្តថា ក្រោយចូលក្រុងភ្នំពេញមិនទាន់ស្រួលបួលផង កងទ័ពខ្មែរក្រហមចាប់ផ្តើមបាញ់គ្រាប់កាំភ្លើងឡើងលើ ឮសូរសំឡេងភ្ញាក់ផ្អើលពេញទីក្រុង ដោយប្រើអំពើហិង្សា គំរាមកំហែងបណ្តេញពលរដ្ឋឱ្យចេញពីផ្ទះទាំងបង្ខំ ហើយមន្ត្រីរាជការ និងទាហានមួយចំនួនត្រូវបាញ់សម្លាប់នៅនឹងកន្លែង។ លោកបញ្ជាក់ថា ពេលនោះមនុស្សម្នាចាប់កាន់បង្វិចខោអាវដើរតាមដងផ្លូវយ៉ាងកកកុញចេញពីទីក្រុងភ្នំពេញ។ ចំណែកគ្រួសាររបស់លោកជម្លៀសតាមផ្លូវស្ទឹងមានជ័យទៅខេត្តតាកែវ ហើយបន្ទាប់មកជម្លៀសទៅខេត្តកំពង់ចាម៖ «សំឡេងអាវុធពាសពេញទីក្រុងភ្នំពេញហ្នឹង គឺបណ្តេញតែម្តង ឱ្យចាកចេញពីផ្ទះជាបន្ទាន់ ទោះអ្នកខ្លះមានឪពុកម្ដាយឈឺ ឬជនពិការនៅក្នុងត្រូវតែបង្ខំខ្លួនទុកចោល ឬក៏នាំគ្នាសែង ឬដាក់រទេះណាដែលយកទៅកើត»។
ស្រដៀងគ្នានេះ អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហមម្នាក់ទៀត និងបច្ចុប្បន្នជាមន្ត្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន រៀបរាប់ថា ចំថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរក្នុងព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកនៅតែជាប់ដិតដានក្នុងចិត្តរហូតដល់បច្ចុប្បន្ននេះ ដោយសារអំពើឃោរឃៅពីកងទ័ពខ្មែរក្រហម។ លោកថា ជំនាន់នោះលោកមានអាយុ ១៤ឆ្នាំ និងរស់នៅតំបន់បុរីកីឡាបានឃើញកងទ័ពខ្មែរក្រហមបានបើករទេះតង់ ដោតទង់ពណ៌ក្រហមប្រកាសតាមមេក្រូឱ្យពលរដ្ឋទទួលស្វាគមន៍ពីការរំដោះដោយជោគជ័យរបស់ពួកគេ។ លោកបន្តថា ពលរដ្ឋចាប់ផ្តើមភ័យស្លន់ស្លោរ ក្រោយពេលកងទ័ពខ្មែរក្រហមបង្ខំឱ្យចាកចេញពីក្រុងភ្នំពេញភ្លាមៗ ហើយគ្រួសាររបស់លោកត្រូវបានជម្លៀសទៅរស់នៅស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកតាមដងផ្លូវវិញលោកប្រទះឃើញមនុស្សស្លាប់ជាហូរហែ៖ «យើងមើលទិដ្ឋភាពកាលចេញពីទីក្រុងភ្នំពេញដែលអ្នកមូលដ្ឋានហៅអ្នក ១៧ មេសាហ្នឹង យើងឃើញព្រឹត្តិការណ៍ទាំងអស់ហ្នឹង ឃើញខ្មោចតាមដងផ្លូវយើងមានការភិតភ័យខ្លាំងណាស់ ឃើញទ័ពខ្មែរក្រហមដេញមនុស្ស ហើយឥឡូវមានការភិតភ័យរឿងចំបាំងអីពីរបប ប៉ុល ពត»។
ពួកខ្មែរក្រហមបានបណ្តេញពលរដ្ឋចេញពីទីក្រុងភ្នំពេញដោយបង្ខំឱ្យ ទៅរស់នៅតាមជនបទចុងកាត់មាត់ញក និងតាមព្រៃភ្នំ ក្នុងស្ថានភាពលំបាកអត់ឃ្លាន ការធ្វើទារុណកម្ម ធ្វើការហួសកម្លាំង និងឈឺថ្កាត់គ្មានថ្នាំព្យាបាលត្រឹមត្រូវ និងអំពើឃោរឃៅផ្សេងៗ ទៀត។ មូលហេតុទាំងនេះបូករួមទាំងការកាប់សម្លាប់ផង បានបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ជិត ២លាននាក់ ក្នុងចំណោមពលរដ្ឋខ្មែរសរុបជិត ៨លាននាក់នៅគ្រានោះ។
ក្រៅពីជនរងគ្រោះក្នុងរបបខ្មែរក្រហម អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមខ្លួនឯង ក៏បានទទួលស្គាល់ដែរថា ព្រឹត្តិការណ៍ថ្ងៃ១៧ មេសា នោះ គឺជាចំណុចចាប់ផ្តើមនៃមហន្តរាយនៅកម្ពុជា។
ជុំវិញរឿងនេះ អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបច្ចុប្បន្នជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថាថ្ងៃទី១៧ ខែមេសាលោកចងចាំក្នុងអារម្មណ៍ជានិច្ចដែលកងទ័ពខ្មែរក្រហមវាយកាន់កាប់ក្រុងភ្នំពេញ ដោយជម្លៀសសាច់ញាតិរបស់លោកមកស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។ លោកឱ្យដឹងថា រឿងរ៉ាវដ៏អាក្រក់បំផុតនោះ បងប្រុសរបស់លោកម្នាក់ត្រូវខ្មែរក្រហមបង្ខំឱ្យធ្វើការរហូតដល់ស្លាប់។
លោក រ៉ុង ឈុន បន្ថែមថាប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះ គឺជាមេរៀនសម្រាប់អ្នកនយោបាយខ្មែរ ត្រូវរួបរួម សាមគ្គីគ្នា ដើម្បីផលប្រផលប្រយោជន៍ជាតិដោយទប់ស្កាត់កុំឱ្យកើតឡើងម្តងទៀត។ លោកបញ្ជាក់ថា មានតែការដឹកនាំប្រទេសតាមបែបបទប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតទេ ទើបអាចសន្តិភាព និងសុខសាន្តត្រាណជូនពលរដ្ឋពិតប្រាកដ។ ទោះយ៉ាងណាលោកព្រួយបារម្ភចំពោះការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នដែលកំពុងដើរចាកឆ្ងាយពីកន្លងប្រជាធិបតេយ្យ និងផ្ទុយពីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «ចំណុចទាំងអស់នេះ យើងព្រួយបារម្ភមិនចង់ឃើញប្រទេសធ្លាក់ចូលរបបកុម្មុយនិស្ត ឬសង្គមនិយមកុម្មុយនិស្តម្តងទៀតទេបាទ ហើយគ្មានអ្វីដែលល្អប្រសើរជារបបលទ្ធិប្រជាធិបតេយ្យ ហើយផ្លាស់ប្ដូរអំណាចតាមរយៈការបោះឆ្នោតទេ ដែលល្អបំផុតផ្តល់សេចក្តីសុខដល់ពលរដ្ឋ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី១៧ ខែមេសា។ ព្រឹត្តិការណ៍១៧ ខែមេសាឆ្នាំនេះ ទាំងរដ្ឋាភិបាល គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ពុំបានរៀបចំពិធីរំលឹកខួបនោះទេ។
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលខកខានមិនបានរំលឹកខួបនេះ ដោយសារមន្ត្រីគណបក្សរបស់លោកកំពុងជាប់មមាញឹកបំពេញការងារសម្រាប់ការបោះឆ្នោតឆាប់ៗនេះ។ ទោះយ៉ាងណាលោកថាបញ្ជាក់ថា សង្គ្រាមដែលនាំឱ្យខ្មែរស្លាប់រាប់លាននាក់ ដោយសារអ្នកនយោបាយខ្មែរគ្រប់ភាគីចាត់ទុកខ្មែរគ្នាឯងជាសត្រូវ ដូច្នេះលោកថាអំពាវនាវគ្រប់និន្នាការនយោបាយ ជាពិសេសគណបក្សកាន់អំណាចត្រូវផ្សះផ្សាជាតិ និងដោះស្រាយបញ្ហាជាតិជាមួយគ្នា ដើម្បីកម្ចាត់ស្រមោលអតីតកាលកុំកើតឡើងតទៅទៀត៖ «សោកនាដកម្មដែលប្រជាពលរដ្ឋខ្មែរយើងបានទទួលចាប់តាំងពីឆ្នាំ១៩៧០ រហូតដល់សន្ធិសញ្ញាទីក្រុងប៉ារីសដោយសារប្រជាពលរដ្ឋខ្មែរអត់បានយោគយល់គ្នា ផ្លាស់ប្ដូរដើម្បីកាប់សម្លាប់គ្នា ដូចសម័យខ្មែរក្រហមដែលបែងចែក អ៊ីចឹងខ្ញុំអំពាវនាវឱ្យគ្រប់និន្នាការនយោបាយ ទោះបីនរណាឈ្នះចាញ់ក៏ដោយ សូមឱ្យនៅស្រឡាញ់ខ្មែរ ចេះចរចាគ្នា និយាយគ្នាដើម្បីប្រជាពលរដ្ឋបានសេចក្តីសុខ និងប្រទេសបានរីកចម្រើន»។
ការរំឭកព្រឹត្តិការណ៍ឈឺចាប់កាលពីអតីតកាលនោះ អ្នកធ្លាប់រងគ្រោះក្នុងរបបខ្មែរក្រហម អំពាវនាវឱ្យអ្នកនយោបាយ និងអ្នកដឹកប្រទេស កុំធ្វើរឿងដដែលៗ កុំចាត់ទុកគ្នាជាសត្រូវ ឈប់រើសអើងគ្នា លាបពណ៌គ្នា និងឈប់សាងភាពឈឺឱ្យចាប់គ្នា ជាពិសេសសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់អាយុជីវិតមនុស្ស។ ពួកគេចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការ ត្រូវរ៉ូវគ្នា និងប្ដេជ្ញាចិត្តរួមគ្នាជាជាតិមួយ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យស្រប តាមរដ្ឋធម្មនុញ្ញ និងគោលការណ៍អន្តរជាតិសម្រាប់ប្រយោជន៍ជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។