ដូចដែលគេរំពឹងទុក ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃចន្ទនេះ បានប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោតមានធម្មនុញ្ញភាព ឬស្របនឹងរដ្ឋធម្មនុញ្ញ។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៅថ្ងៃទី៣ ខែកក្កដានេះ ឱ្យដឹងថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវបានរដ្ឋសភាអនុម័ត នៅថ្ងៃទី២៣ មិថុនា និងព្រឹទ្ធសភាអនុម័ត កាលពីថ្ងៃទី២៩ មិថុនានោះគឺ ស្របនឹងរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញដឹកនាំដោយលោក អ៊ឹម ឈុនលឹម នៅថ្ងៃទី៣ កក្កដានេះ បានសម្រេចជាឯកច្ឆន្ទថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសនោះ ស្របនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃជាតិ។ តាមនីតិវិធី ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញអនុម័តរួចហើយ វិសោធនកម្មច្បាប់បោះឆ្នោតនឹងត្រូវបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះមិនបានផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញគឺ ជាការដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពលរដ្ឋ និងគណបក្សនយោបាយ ដែលមិនអាចចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា នៃនីតិកាលទី៧ ខាងមុខនេះ។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ កក្កដាថា ការសម្រេចរបស់ព្រឹទ្ធសភានេះគឺ មិនស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រា៣៦ នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។