តុលាការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​​​ អភិបាល​រង​ខេត្ត​ពោធិ៍សាត់​ និង​អតីត​អភិបាល​ស្រុក​ល្វាឯម​ករណី​ពុករលួយ

0:00 / 0:00

អភិបាល​រង​ខេត្ត​ពោធិ៍សាត់​ និង​អតីត​អភិបាល​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល រួម​នឹង​បក្ខពួក​ លោក​លី សាម៉េត ដែល​ជាទីប្រឹក្សា​លោក ហ៊ុន សែន ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ និង​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​​នៅ​​​ក្នុង​ពន្ធនាគារ​ ពាក់ព័ន្ធ​ការ​សូកប៉ាន់​លុយ​ដើម្បី​​ទិញ​ដំណែង​ធំ​ក្នុង​ស្ថាប័នរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​បោសសម្អាត​មន្ត្រី​​ពុករលួយ​របស់​រដ្ឋាភិបាល​​នេះ​ គឺ​ជា​រឿង​ល្អ​ ប៉ុន្តែ​ រដ្ឋាភិបាល​ត្រូវ​បោសសម្អាត​ជា​​ប្រព័ន្ធ​ និង​មាន​គោល​ជំហរ​យូរអង្វែង។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​សម្រេច​ចោទ​ប្រកាន់​​​ និង​ឃុំ​ខ្លួន​ ​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ​ និង​​អតីត​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ពាក់ព័ន្ធ​បទ​​​​​ចោទ​​​ «ប៉ុនប៉ង​ក្នុង​បទ​សូកប៉ាន់​»​ ដែល​ធ្វើ​ឡើង​តាម​រយៈ​ទី​ប្រឹក្សា​​លោក ហ៊ុន សែន គឺ លោក លី សាម៉េត និង​ជំនួយការ​​​របស់​ លោក ហ៊ុន សែន គឺ​​លោក ដួង តារា និង​បក្ខពួក​ម្នាក់​ទៀត ​ឈ្មោះ ឡាច សំរោង។

ការ​ចោទ​ប្រកាន់​មន្ត្រី​​ខាង​លើ​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ(ACU) ​រក​ឃើញ​ថា លោក ឡាយ វិសិដ្ឋ ជាប់​ពាក់ព័ន្ធ​​​រឿង​ សូក​លុយ ៥៧​ម៉ឺន​ដុល្លារ​​ដល់​លោក​ លី សាម៉េត និង​លោក​ ដួង តារា ដើម្បី​ឱ្យ​ជួយ​រត់​ការ​ទៅ​លោក ហ៊ុន សែន​ ឱ្យ​បាន​តំណែង​ធំ​។ ចំណែក​ អតីត​អភិបាល​ស្រុក​ល្វាឯម​លោក កន សុខកាយ ​ពាក់ព័ន្ធ​​​ការ​​សូក​លុយ​៣០ម៉ឺន​ដុល្លារ​​​ទៅ​លោក​ លី សាម៉េត ដើម្បី​ឱ្យ​ជួយ​រត់​ការ​ទៅ​លោក​ ហ៊ុន សែន ឱ្យ​​បាន​ប្ដូរ​ទៅ​កាន់​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា ​យ៉ាង​ខ្លី​ថា​​ ​តុលាការ​បាន​សម្រេច​ចោទប្រកាន់​ លោក ឡាយ វិសិដ្ឋ និង​ លោក កន សុខកាយ ​​ ពី​បទ​«​ប៉ុនប៉ង​ក្នុង​បទ​សូកប៉ាន់​» និង​​បាន​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​​​​​ហើយ​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

លោក អ៊ី រិន្ទ៖«ល្ងាចមិញ ​[ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​]គេ​សម្រេច​ឃុំ​អស់​ហើយ​ មើល​សេចក្ដី​​ប្រកាស​របស់​តុលាការ​ទៅ​។ ធម្មតា​តែ​រក​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស​នឹង​ត្រូវ​ ផ្ដន្ទាទោស​ហើយ»។

ជាមួយ​គ្នា​នេះ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​សម្រេច​ចោទ​ប្រកាន់​ ​អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី ពី​បទ​ «​ជំនួញ​ឥទ្ធិពល​សកម្ម​» ក្នុង​​សំណុំ​រឿង​ ស៊ីសំណូក និង​សូកប៉ាន់​ ជា​មួយ​លោក លី សាម៉េត និង​លោក ដួង តារា ដូច​គ្នា​ ​ខណៈ​ដែល​​​អ្នក​ទាំង​នោះ​​ កំពុង​ជាប់​នៅ​ពន្ធនាគារ​​នៅ​ឡើយ។ លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី​ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា បាន​រួម​គំនិត​ជាមួយ លោក លី សាម៉េត លោក ដួង តារា និង លោក ឡាច សំរោង បោក​លុយ​​​ពី​មន្ត្រី​រាជការ​ និង​ អ្នក​ជំនួញ​មួយ​ចំនួន ​ដោយ​សន្យា​ថា​​នឹង​ជួយ​រត់​ការ​​ដើម្បី​បាន​តំណែង​ធំ​ ក្នុង​ស្ថាប័ន​រដ្ឋ និង​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​។ ចំណែក​ សំណុំ​រឿង​នីមួយៗ​មាន​ទឹក​ប្រាក់​ចាប់​ពី ១៣​ម៉ឺន​ដុល្លារ ​២៥ម៉ឺនដុល្លារ ៣០​ម៉ឺន​ដុល្លារ និង​ ៣លាន ៥សែនដុល្លារ ជា​ដើម។

ទាក់ទិន​រឿង​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា ​ការ​​ចាត់​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល តាម​រយៈ​ការ​ចាប់​ខ្លួន​ អភិបាល​រង​ខេត្ត​ពោធិ៍សាត់ និង​​ ​អភិបាល​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​​​បន្ថែម​​​ទៀត​​ ​ក្នុង​សំណុំ​រឿង​អំពើ​ពុករលួយ​នេះ​ គឺ​ជា​​សញ្ញា​ល្អ ដែល​សាធារណ​ជន​ចង់​ឃើញ​ជា​យូរ​មក​ហើយ​​។​ ​លោក​បន្ត​ថា រដ្ឋាភិបាល និង​​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ត្រូវ​តែ​បន្ត​​ បោស​សម្អាត​​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ ​និង​ជា​ប្រព័ន្ធ​​​ ប្រកប​ដោយ​យុទ្ធសាស្ត្រ​​ យូរអង្វែង​។

លោក ប៉ិច ពិសី៖«ការ​​កាត់​បន្ថយ​អំពើ​ពុករលួយ​នេះ​ គឺជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល ជា​ពិសេស​រដ្ឋាភិបាល​ដែល​មាន​ថ្នាក់​ដឹកនាំ​ថ្មី ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ ទៅ​ដល់​ពលរដ្ឋ​ផង​ ទៅ​ដល់​វិស័យ​ធុរកិច្ច​ផង​ ទី​២ដើម្បី​បង្កើត​នូវ​បរិយាកាស​សម​ស្រប​មួយ​ ដើម្បី​ទាក់ទាញ​វិនិយោគ។ ខ្ញុំ​គិត​ថា​នេះ​ជា​ដំណើរ​មួយ​ល្អ​ ​ប្រសិន​បើ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​​នេះ​ជា​ប្រព័ន្ធ និង​យូរអង្វែង​​ ក្នុង​ការ​ធ្វើ​យុទ្ធសាស្ត្រ​ប្រឆាំង​ នឹង​អំពើពុករលួយ ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​ស្មើ​ភាព​គ្នា»។

ក្រៅ​ពី​លោក លី សាម៉េត និង លោក ដួង តារា បក្ខពួក​ម្នាក់​ទៀត​ ​លោក ឡាច សំរោង ​ដែល​​ជា​សកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ឥន្ទ្រវិជ្ជា ក៏​ជា​មនុស្ស​​​ពាក់ព័ន្ធ​ផង​ដែរ ប៉ុន្តែ​ លោក ឡាច សំរោង នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ រហូត​មក​ដល់​​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។