ប្រពន្ធអ្នកដឹកនាំមូលដ្ឋាននៃសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ស្នើឱ្យសាលាឧទ្ធរណ៍ទម្លាក់បទចោទប្រកាន់ និងដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពវិញ ដោយថា ប្ដីលោកស្រីមិនបានធ្វើខុសដូចការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការខេត្តស្វាយរៀងឡើយ។ សំណើនេះ ធ្វើឡើងបន្ទាប់ពីតុលាការខេត្តស្វាយរៀង បានផ្ដន្ទាទោសលោក ជា ចាន់ថា ឱ្យជាប់ពន្ធនាគារ ១៨ខែ ក្រោយលោកផ្សព្វផ្សាយ អំពីព័ត៌មានកិច្ចគាំពារសង្គម។
ប្រពន្ធលោក ជា ចាន់ថា គឺលោកស្រី ឡេង ចន្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែកុម្ភៈ ថា គ្រួសាររបស់លោកស្រី បានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញរួចហើយ នៅក្នុងខែមករា ឆ្នាំ២០២៥ ក្រោយការសម្រេចរបស់សាលាដំបូង ខេត្តស្វាយរៀង ឱ្យប្ដីលោកស្រីជាប់ពន្ធនាគារ ១៨ខែ កាលពីខែធ្នូ ឆ្នាំ២០២៤។ លោកស្រីចាត់ទុកការផ្ដន្ទាទោសប្ដីលោកស្រី ដែលមិនបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការនោះថា ជារឿងអយុត្តិធម៌។
លោកស្រី ឡេង ចន្ធី៖ «អត់មានខុសអីទេ ហើយសុខៗមកដាក់ឃុំឃាំងបណ្ដោះអាសន្ន ឥឡូវមិនដាក់បណ្ដោះអាសន្នណាដាក់ទោសដល់ទៅ ១៨ ខែអីណាឥឡូវ។ វាអត់ត្រឹមត្រូវ សម្រាប់គាត់អត់ធ្វើខុស វាអត់ត្រឹមត្រូវសម្រាប់គ្រួសារនាងខ្ញុំនិយាយត្រង់តែម្ដង ឥឡូវបានប្រមាណ ៨ ខែហើយ»។
លោកស្រី ឡេង ចន្ធី ស្នើឱ្យសាលាឧទ្ធរណ៍ភ្នំពេញ ពន្លឿនការបើកសវនាការឱ្យបានឆាប់ ដោយលោកស្រីសង្ឃឹមថា តុលាការជាន់ខ្ពស់នេះ នឹង ពិនិត្យពិច័យដំណើររឿង ហើយផ្ដល់យុត្តិធម៌ជូនប្ដីលោកស្រី។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ឃុន លាងម៉េង បានទេ នៅថ្ងៃទី១០ ខែកុម្ភៈ។
លោក ជា ចាន់ថា ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅពេលលោកចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍កិច្ចគាំពារសង្គម និងការប្រែប្រួលអាកាសធាតុដល់អ្នករកស៊ីក្រៅប្រព័ន្ធ និងអាជីវករ។ ក្រោយមកនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង បានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ១៨ខែ ពីបទ«ឆបោក និងការធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ»។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែកុម្ភៈ ថា ការ ផ្ដន្ទាទោសលោក ជា ចាន់ថា គឺជារូបភាពនៃការរឹតត្បិតសកម្មភាពរបស់សហជីព អង្គការសង្គមស៊ីវិលនៅមូលដ្ឋាន និងជាការព្រមានពួកគាត់ មិនឱ្យចងក្រងសមាជិកនៅខេត្តស្វាយរៀង។
លោក វន់ ពៅ ៖«ខ្ញុំយល់ថា ការចោទប្រកាន់នេះ មិនត្រឹមត្រូវទេ ពីព្រោះយើងជាសហជីពរបស់កម្មករគឺត្រូវតែចុះចងក្រង ដើម្បីប្រមូលវិភាគទាន។ ទី២ ជាការចូលរួមចំណែករបស់យើង ជួយផ្សព្វផ្សាយទៅដល់បងប្អូនអាជីវករ ឱ្យគាត់ចុះបញ្ជី ប.ស.ស ដើម្បីឱ្យគាត់បានរបបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ អ៊ីចឹងយើងយល់ឃើញថា អ្វីៗដែលយើងធ្វើជាការជួយរដ្ឋ ហើយនិងជួយប្រជាពលរដ្ឋទាំងអស់ មិនមានអ្វីខុសច្បាប់ដូចជាការចោទប្រកាន់របស់តុលាការ ខេត្តស្វាយរៀងនោះទេ»។
លោក វន់ ពៅ ស្នើឱ្យអាជ្ញាធររដ្ឋពិចារណាឡើងវិញ ចំពោះការចោទប្រកាន់លើលោក ជា ចាន់ថា ពីព្រោះលោកថា ការចាប់លោក ជា ចាន់ថា ដាក់ពន្ធនាគារ មិនផ្ដល់ផលចំណេញអ្វីដល់រដ្ឋាភិបាលឡើយ បែរជាកាន់តែធ្វើឱ្យរដ្ឋាភិបាល មានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ រីឯសាធារណជនក៏មើលឃើញថា រដ្ឋមិនបានគិតគូរដល់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាធ្វើទុក្ខបុកម្នេញលើអ្នកខ្វាយខ្វល់អំពីប្រជាពលរដ្ឋទៅវិញ។
លោក វន់ ពៅ៖ «អាជ្ញាធរអ្នកដែលចោទប្រកាន់គាត់ សូមឱ្យពិនិត្យពិចារណា ទម្លាក់ចោលការចោទប្រកាន់សម្រាប់គាត់ ហើយសូមឱ្យតុលាការដោះលែងគាត់ឱ្យមានសេរីភាព ដើម្បីជាមុខមាត់ប្រទេសជាតិផង វាជាការបន្ធូរបន្ថយសម្រាកនៃការពិចារណារបស់សហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អឺរ៉ុប ទាក់ទងGSPនិងEBAផងដែរ វាជាការជួយសម្រួលបន្ទុករបស់រដ្ឋបន្ថែមទៀត»។
អ្នកសង្កេតការណ៍សិទ្ធិមនុស្សលើកឡើងថា សកម្មភាពរបស់លោក ជា ចាន់ថា ដោយគ្រាន់តែផ្សព្វផ្សាយអំពីបម្រែបម្រួលអាកាសធាតុ និងកិច្ចគាំពារសង្គម មិនមែនជាបទល្មើសទេ ប៉ុន្តែជាសិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្សព្វផ្សាយដែលរួមចំណែកជួយផ្ដល់ព័ត៌មានដល់ពលរដ្ឋក្រីក្រនៅមូលដ្ឋាន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។