ជាច្រើនឆ្នាំមកហើយដែលពន្ធនាគារនៅក្នុងប្រទេសកម្ពុជាផ្ទុកមនុស្សលើសចំណុះ ចង្អៀតណែន ធ្វើអោយអ្នកជាប់ឃុំរស់នៅទាំងលំបាកលំបិន ប៉ះពាល់ដល់សុខភាព និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្ស។ អ្នកច្បាប់អោយដឹងថា បញ្ហានេះបណ្ដាលមកពីការអនុវត្តច្បាប់នៅទន់ខ្សោយ តុលាការអគតិព្រោះលម្អៀង និងរងការគាបសង្កត់ពីអ្នកនយោបាយ។
សម្រាប់ជនល្មើសច្បាប់ ការជាប់ឃុំក្នុងពន្ធនាគារ ដែលជាការបាត់បង់ សេរីភាព ដើរហើរ គឺជាទណ្ឌកម្មធ្ងន់ធ្ងរមួយស្របច្បាប់។ ប៉ុន្តែការដាក់ អោយពួកគេរស់នៅក្នុងបន្ទប់ចង្អៀតណែនណាន់ រកទីកន្លែងគេងមិនបាន អង្គុយមិនកើតនោះ គឺមិនស្របតាមច្បាប់ជាតិ និងអន្តរជាតិនោះទេ។
ពន្ធនាគារនៅកម្ពុជាត្រូវគេដឹងជាទូទៅថា មានភាពចង្អៀតណែនណាន់ ដែលត្រូវកែសម្រួល ដើម្បីអោយអ្នកជាប់ឃុំបានរស់ ក្នុងសភាពជាមនុស្ស។ ប៉ុន្តែជាច្រើនឆ្នាំកន្លងទៅនេះ លក្ខខណ្ឌរស់នៅយ៉ាងចង្អៀតណែនណាន់របស់អ្នកជាប់ឃុំ មិនស្របតាមស្តង់ដារអន្តរជាតិនេះ កាន់តែមានសភាពធ្ងន់ធ្ងរ។ អ្នកដែលធ្លាប់ជាប់ឃុំឃាំង តែងនិយាយរៀបរាប់អំពីភាពចង្អៀត ណែនណាន់ក្នុងពន្ធនាគារ ក្រោយពីត្រូវបានដោះលែង។
អតីតអ្នកជាប់ឃុំ យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានផ្ដន្ទាទោសអោយជាប់ពន្ធនាគារ១៨ខែ កាលពីឆ្នាំ២០១៥ បន្ទាប់ពីបានបង្ហោះសារចង់ផ្លាស់ប្ដូររបបបច្ចុប្បន្ន តាមរយៈធ្វើបដិវត្តន៍ពណ៌នោះ និយាយថា នៅក្នុងពន្ធនាគារព្រៃស បន្ទប់ដែលលោករស់នៅនោះ ចង្អៀតណែន រកកន្លែងគេងគ្មានទេ ដូច្នេះលោកត្រូវចងអង្រឹង៖ «ខ្ញុំអត់បានគេងលើប្លង់ទេ ខ្ញុំចងអង្រឹងគេងកម្ពស់កន្លះម៉ែត្រពីបាត។ គ្រាន់តែពួកគាត់រើលើខ្លួនតែបន្តិចចំហាយហ្នឹងគឺឈួលក្តៅ មកខ្ញុំខ្លាំងមែនទែន។ ពន្ធនាគារគួរតែកែប្រែ»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា មានប្រសាសន៍ថា ការចង្អៀតណែនក្នុងពន្ធនាគារពិតជាកើតមានមែន។
លោក សុក សំអឿន ប្រធានការិយាល័យមេធាវីអមរិន្ទ្រ អោយដឹងថា បញ្ហាចៅក្រមមិនគោរពច្បាប់ក៏បណ្ដាលអោយមានការឃុំខ្លួនមនុស្ស កាន់តែកើនច្រើនឡើងក្នុងពន្ធនាគារដែរ។
ឧទាហរណ៍៖ ដើម្បីកាត់បន្ថយចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារក្រម ព្រហ្មទណ្ឌចែងថាចំពោះទោសណាដែលត្រូវជាប់ពន្ធនាគារ ត្រឹម១ឆ្នាំ មិនចាំឃុំខ្លួនបណ្ដោះអាសន្នទេ។
លោក សុក សំអឿន ថា ទោសដែលមានអតិបរមាមួយឆ្នាំចុះក្រោម មិនចាំបាច់ឃុំខ្លួនបណ្ដោះអាសន្នទេ ដូច្នេះអ្នកធ្វើច្បាប់ក៏មានចេតនា បន្ថយការឃុំខ្លួនបណ្ដោះអាសន្នដែរ។ ត្រង់ចំណុចនេះ លោកមេធាវី សុក សំអឿន ថាចៅក្រមមិនសូវបានអនុវត្តទេ។
ដើម្បីជួយកាត់បន្ថយភាពកកកុញក្នុងពន្ធនាគារនោះ ច្បាប់ព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ថា សម្រាប់បទល្មើសមជ្ឈិម ដែលត្រូវផ្ដន្ទាទោស ៥ឆ្នាំចុះក្រោមនោះ ក៏មិនចាំបាច់ឃុំខ្លួនទេ ពោលគឺតុលាការអាចសម្រេចព្យួរទោសបាន។
លោក សុក សំ អឿន ថា ព្យួរទោសមានន័យន័យថា មិនបាច់ឃុំទេគឺនៅក្រៅឃុំ។ រឿងអីយើងចាំបាច់ឃុំខ្លួនបណ្ដោះអាសន្នចំពោះជនដែល ត្រូវចោទបទល្មើសមជ្ឈិម។ សូម្បីតែមានទោសហើយក៏ដោយក៏អាចព្យួរទោសអោយនៅក្រៅឃុំបានដែរ។
លោកមេធាវី សុក សំអឿន បញ្ជាក់ថា បើគេពិនិត្យមើលពីបំណង របស់អ្នកធ្វើច្បាប់ និងអ្នកអនុវត្តច្បាប់វិញ មានភាពផ្ទុយគ្នាស្រឡះ។ ការអនុវត្តជាក់ស្ដែងចៅក្រមពុំសូវបានសម្រេចអោយជនជាប់ចោទ ដែលមានទោសក្រោម ១ឆ្នាំ នៅក្រៅឃុំនោះទេ ហើយក៏កម្រព្យួរទោស អោយនៅក្រៅឃុំចំពោះបទល្មើសមជ្ឈិមតាមច្បាប់កំណត់នោះដែរ។
អគតិដោយការភ័យខ្លាច
លោកមេធាវី សុក សំអឿន បញ្ជាក់ថា សម្រាប់ទោសក្រោម១ឆ្នាំ មិនចាំបាច់ឃុំខ្លួនបណ្ដោះអាសន្ននោះ ចៅក្រមតែងបង្កើតរកហេតុផលផ្សេងៗ យកមកសំអាងដើម្បីបន្ថែមទម្ងន់ទោស អោយជាប់លើសពី ១ឆ្នាំ។ ហេតុផលនៃការសម្រេចដូច្នោះ គឺដើម្បីគេចផុតពីការវាយប្រហាររបស់សមត្ថកិច្ចនគរបាល និងការស្ដីបន្ទោសពីប្រមុខរដ្ឋាភិបាលដែលចោទថា តុលាការស៊ីសំណូកជាថ្នូរនឹងការអោយជនជាប់ចោទនៅក្រៅពន្ធនាគារ។ នេះជាមូលហេតុចម្បងមួយ ដែលធ្វើអោយចំនួនអ្នក ជាប់ឃុំកើនឡើងក្នុងពន្ធនាគារ។
អគតិដោយការភ័យខ្លាចរបស់មន្ត្រីតុលាការកើតឡើងខ្លាំង ជាពិសេស នៅឆ្នាំ២០១៥ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសអនុវត្តយុទ្ធនាការកណ្ដាប់ដៃដែកដែលលោកអះអាងថា ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។ យុទ្ធនាការកណ្ដាប់ដៃដែកបង្ក្រាប តុលាការរបស់នាយករដ្ឋមន្ត្រីដែលជាប្រមុខដឹកនាំអំណាចនីតិប្រតិបត្តិនេះ ត្រូវគេមើលឃើញ ថា ជាការលូកដៃជ្រៀតជ្រែកចូលក្នុងកិច្ច ការរបស់តុលាការ ហើយដែលបានជះឥទ្ធិពលដល់ការកើនឡើង ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ ពីព្រោះតែក្រុមចៅក្រមភ័យខ្លាច ហើយសុខចិត្តធ្វើខុសច្បាប់ ប៉ុន្តែមិនហ៊ានធ្វើផ្ទុយពីបញ្ជារបស់នាយករដ្ឋមន្ត្រីទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះបានចាត់វិធានការ និងព្រមានធ្ងន់ៗដល់ក្រុមចៅក្រម ដែលលោកចោទថា បានដោះលែងជនជាប់ចោទ ឬជនសង្ស័យដែលប្រព្រឹត្តអំពើចោរកម្ម ហើយបញ្ជាអោយតាមចាប់ខ្លួនមកវិញ។
បើតាមលោកមេធាវី សុក សំអឿន និងមន្ត្រីតុលាការដែលសុំមិនបញ្ចេញឈ្មោះ យុទ្ធនាការកណ្ដាប់ដៃដែកបង្ក្រាបតុលាការ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បណ្ដាលអោយមន្ត្រីតុលាការ ព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខការងាររបស់ខ្លួន។ ប្រការនេះបណ្ដាលអោយពួកគាត់មិនសូវហ៊ានកាត់សេចក្ដីប្រកបដោយគតិយុត្តិ អោយជនជាប់ចោទរួចផុតពីពិរុទ្ធភាព ឬបន្ធូរបន្ថយស្ថាន ទម្ងន់ទោសដើម្បីអោយជនជាប់ចោទបាននៅក្រៅឃុំ ខណៈរង់ចាំការជំនុំជម្រះនោះទេ។
ឧទាហរណ៍ ៖ យោងតាមច្បាប់ប្រឆាំងគ្រឿងញៀន អ្នកប្រើប្រាស់ថ្នាំ ញៀនមិនត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារទេ គឺត្រឹមទទួលការអប់រំ អោយកែខ្លួនប៉ុណ្ណោះ។ ប៉ុន្តែ បើតាមមេធាវី និងមន្ត្រីតុលាការ ដែលសុំមិនបញ្ចេញឈ្មោះ អ្នកប្រើប្រាស់ថ្នាំញៀនជាច្រើនត្រូវបានចោទប្រកាន់ថា ជាអ្នកជួញដូរគ្រឿងញៀនដែលជាទោសត្រូវជាប់ពន្ធនាគារ។ ការអនុវត្តច្បាប់ផ្ទុយពីបំណងរបស់អ្នកតាក់តែងច្បាប់នេះ គឺជាមូលហេតុមួយទៀត ធ្វើអោយពន្ធនាគារចង្អៀតណែនណាន់ហួសចំណុះ បណ្ដាលអោយខាតទាំងថវិការដ្ឋក្នុងការចិញ្ចឹមអ្នកជាប់ឃុំ ហើយរដ្ឋាភិបាលក៏រងការចោទថា រំលោភសិទ្ធិមនុស្ស។
ពេលវេលាប្រាប់អោយរកមេធាវីខ្លីពេក
មូលហេតុមួយទៀតដែលធ្វើអោយពន្ធនាគារចង្អៀតណែន គឺការជូនដំណឹងទៅជនជាប់ចោទអោយរកមេធាវីការពារខ្លួនមានរយៈពេលខ្លីពេក។
មេធាវីដែលមានបទពិសោធន៍អោយដឹងថា ជនជាប់ចោទ ច្រើនតែត្រូវបានចៅក្រមជូនដំណឹងអោយរកមេធាវី ធ្វើឡើងនៅកៀកថ្ងៃឡើងសវនាការ ដែលបញ្ហានេះ ជនជាប់ចោទមិនអាចរកមេធាវី ការពារក្តីអោយខ្លួនទាន់ពេល ឬបើទាន់ពេលក៏មិនអាចការពារបានល្អដែរ ពីព្រោះតែមេធាវីមិនបានស្រាវជ្រាវស៊ីជម្រៅនៃសំណុំរឿង ឬក៏ត្រៀមខ្លួនការពារមិនបានល្អទេ។
សាលាឧទ្ធរណ៍មានតែមួយ
មូលហេតុមួយទៀតដែលជាកត្តារួមផ្សំបណ្ដាលអោយពន្ធនាគារនៅកម្ពុជាផ្ទុកមនុស្សលើសចំណុះ នាំអោយបាត់បង់ការរស់នៅក្នុងភាពជាមនុស្សនោះ គឺកម្ពុជាមានសាលាឧទ្ធរណ៍តែមួយ។ នៅខណៈកម្ពុជាមានសាលាដំបូងចំនួន២៤ កម្ពុជាមានសាលាឧទ្ធរណ៍តែមួយគត់។
កម្ពុជាបច្ចុប្បន្ន មានតុលាការបីថ្នាក់ ទី១គឺសាលាដំបូងដែលមាននៅតាមបណ្ដា ខេត្ត-ក្រុង ទី២ គឺសាលាឧទ្ធរណ៍ និង៣ គឺតុលាការកំពូល។
ដោយសារតែសាលាឧទ្ធរណ៍មានតែមួយ សំណុំរឿងប្ដឹងឧទ្ធរណ៍ បញ្ជូនមកពីសាលាដំបូងទាំង២៤ នៅតាមខេត្ត-ក្រុង ធ្វើអោយដំណើរ ការជម្រះក្ដីយឺតយ៉ាវ សំណុំរឿងត្រូវកកស្ទះ ហើយជនជាប់ចោទជា ច្រើនក៏ត្រូវបន្តរស់នៅ កកកុញណែនណាន់ក្នុងពន្ធនាគារ ខណៈរង់ចាំ សាលាឧទ្ធរណ៍ពិនិត្យ សំណុំរឿងរបស់ខ្លួន។
កត្តាច្បាប់
ទាំងច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ទទួលស្គាល់ថា សិទ្ធិក្នុងការមានមេធាវីរបស់ជនជាប់ចោទ គឺជាគោលការណ៍សំខាន់ ក្នុងដំណើរការស្វែងរកយុត្តិធម៌ជូនដល់គ្រប់ភាគីទាំងអស់នៃរឿងក្តី។ ទោះជាយ៉ាងណា ក្រមព្រហ្មទណ្ឌកម្ពុជា ដែលអ្នកច្បាប់យល់ថា មានចរិត រឹតត្បិតដល់សិទ្ធិ របស់ជនជាប់ចោទនោះ កំណត់ថា ជនជាប់ចោទពី បទមជ្ឈិមអាចមានមេធាវីក៏បានមិនចាំបាច់មានក៏បាន។ អាចនិយាយម្យ៉ាងទៀតថា ចៅក្រមមិនមានកាតព្វកិច្ចផ្លូវច្បាប់រកមេធាវីអោយជនជាប់ចោទបទល្មើសមជ្ឈិមនោះទេ។ នោះមានន័យថា ចៅក្រមអាចបើកសវនាការកាត់សេចក្តីបទល្មើសមជ្ឈិមដោយជនជាប់ចោទមិនចាំបាច់មានមេធាវី។ឮ
បើតាមអ្នកច្បាប់ មូលហេតុដែលក្រសួងយុត្តិធម៌ធ្វើច្បាប់បែបនោះ ប្រហែលជាសំអាងហេតុផលថា កម្ពុជានៅមានចំនួនមេធាវីតិច។ អ្នកតាក់តែងច្បាប់យល់ថា ប្រសិនបើច្បាប់កំណត់ថា រាល់សំណុំរឿង បទល្មើសមជ្ឈិម ជនជាប់ចោទចាំបាច់ត្រូវតែមានមេធាវីនោះ សវនាការជម្រះក្តី នឹងមានការយឺតយ៉ាវ សំណុំរឿងកកស្ទះ ពីព្រោះចៅក្រមចាំបាច់ត្រូវស្វះស្វែងរកមេធាវីការពារក្តីអោយជនជាប់ចោទ នៅពេលជនជាប់ចោទមិនមានលទ្ធភាពជួលមេធាវីខ្លួនឯង។
ដោយសារតែបញ្ហានេះហើយ សង្គមស៊ីវិលដើរតួយ៉ាងសំខាន់ជាដៃគូ ជួយដល់តុលាការក្នុងការផ្ដល់មេធាវីស្ម័គ្រចិត្តជួយការពារជនក្រីក្រដែលមិនមានលទ្ធភាពជួលមេធាវី។
សវនាការកាត់សេចក្ដីដែលមិនមានមេធាវី ធ្វើអោយជនជាប់ចោទ មានហានិភ័យខ្ពស់ អាចត្រូវតុលាការកាត់សេចក្ដីឈិនឆៃសម្រេចថា មានទោស ពីព្រោះគ្មានមេធាវីជួយនិយាយដោះបន្ទុកអោយខ្លួន។ ជនជាប់ចោទដែលគ្មានមេធាវី ហើយខ្វះចំណេះដឹងផ្លូវច្បាប់ និងការយល់ដឹងអំពីសិទ្ធិរបស់ខ្លួននៅមានកម្រិត ងាយត្រូវតុលាការរកឃើញថា មានពិរុទ្ធភាព។
តាមច្បាប់ មានតែបទល្មើសឧក្រិដ្ឋទេដែលចៅក្រមមានកាតព្វកិច្ចផ្លូវច្បាប់ ត្រូវរកមេធាវីអោយជនជាប់ចោទ។ ប៉ុន្តែដើម្បីជួយកាត់បន្ថយ ភាពចង្អៀតណែនណាន់ក្នុងពន្ធនាគារ ក្រុមអ្នកតាក់តែងក្រមព្រហ្មទណ្ឌ ក៏បានកំណត់ថា បទល្មើសមជ្ឈិមដែលត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារ ពីចន្លោះ ៥ថ្ងៃដល់៥ឆ្នាំ ខណៈរង់ចាំការជំនុំជម្រះក្ដីមិនចាំបាច់នៅក្នុងពន្ធនាគារទេ ពោលគឺអាចនៅក្រៅឃុំ ឬត្រូវព្យួរទោសបាន។ ប៉ុន្តែ ជាទូទៅការអនុវត្តជាក់ស្ដែងតុលាការមិនសូវបាន អនុវត្តបែបនោះទេ។ កត្តានេះ គឺជាមូលហេតុមួយធំបណ្ដាលអោយ មានភាពចង្អៀតណែន ក្នុងពន្ធនាគារ ពិបាករស់នៅក្នុងសភាពជាមនុស្ស និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ជាពិសេសនៅពេលមានជំងឺឆ្លងរាតត្បាតកើត ឡើងលើអ្នកណាម្នាក់ អ្នកជាប់ឃុំក្នុងបន្ទប់ ទាំងមូលនឹងធ្លាក់ខ្លួនឈឺដែរ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ទទួលស្គាល់ថា ការចង្អៀតណែនក្នុងពន្ធនាគារពិត មែនរហូតដល់ខាងពន្ធនាគារកាត់បន្ថយសិទ្ធិចូលសួរសុខទុក្ខអ្នកជាប់ឃុំទៀតផង។ លោកថា រដ្ឋាភិបាលកំពុងចាត់វិធានការដោះស្រាយ បញ្ហាចង្អៀតណែននេះ៖ «ឥឡូវហ្នឹងចំនួនជនជាប់ឃុំវាច្រើនពេក ដល់អ៊ីចឹង ចំនួនមន្ត្រីយើងអត់សមាមាត្រទៅនឹងតម្រូវការងារគ្រប់គ្រងសន្តិសុខហ្នឹងឯង។ អោយចូលសួរសុខទុក្ខច្រើនពេកវាអត់មានមនុស្សយាមកាមទេ។ វាត្រូវចំណាយមន្ត្រីល្បាតគាត់មក ហើយបើម្នាក់ៗមានពេលជួបច្រើនពេក យើងមានការពិបាកគ្រប់គ្រងសន្តិសុខ។ អាហ្នឹងវាជាវិធានការបណ្ដោះអាសន្ន ដោយសារយើងជួបបញ្ហាចង្អៀតណែន»។
ទោះជាយ៉ាងណា លោកថា ក្រសួងមហាផ្ទៃកំពុងមានវិធានការដោះស្រាយភាពចង្អៀតណែននេះ។
តើរដ្ឋាភិបាលមានវិធានការអ្វីខ្លះដើម្បីការបន្ថយភាពចង្អៀតណែននេះ? លោកអ្នកនាងនឹងបានស្ដាប់សេចក្ដីរាយការណ៍អំពីរឿងនេះនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។